ក្រសួងធនធានទឹក ប្រកាសអាសន្ន ឲ្យប្រជាពលរដ្ឋ បន្តការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតអាកាសធាតុ, រាជធានី-ខេត្តមួយចំនួន ចាប់ផ្ដើមមានភ្លៀងកក់ខែ លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់
28-04-2016 13:41
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២៨ ខែមេសា ឆ្នាំថ២០១៦នេះ បានប្រកាសប្រាប់ឲ្យប្រជាពលរដ្ឋ បន្តការប្រុងប្រយ័ត្ន ខ្ពស់បំផុត ចំពោះបាតុភូតអាកាសធាតុ ខណៈរាជធានី និងខេត្តមួយចំនួន ចាប់ផ្ដើមមានភ្លៀងកក់ខែ ជាបណ្ដើរៗហើយ ចាប់ពីថ្ងៃនេះទៅ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងធនធានទឹក ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានឲ្យដឹងថា «ខេត្តដែលចាប់មាន ភ្លើងធ្លាក់នោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប ស្វាយរៀង កោះកុង និងព្រៃវែង»។
បើតាមសេចក្តីជូនព័ត៌មានខាងលើនេះ បន្ទាប់ពីមានការតាមដាន និងព្យាករណ៍អាកាសធាតុរួចមក នៅពេលខាងមុខ នឹងមានធ្លាក់ភ្លៀង ព្រមជាមួយផ្គរ រន្ទះ ពិសេសគឺខ្យល់កន្រ្តាក់ ដែលអាចនឹងកើតមានចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ៕