(កំពង់ស្ពឺ-កោះកុង)៖ ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងអង្គការដៃគូរពាក់ព័ន្ធនានា បាននឹងកំពុងខិតខំលើកកម្ពស់រដ្ឋាភិបាលបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិប្រកប ដោយចីរភាពនៅក្នុងតំបន់ការពាររបស់ប្រទេសកម្ពុជា តាមរយៈប្រព័ន្ធគ្រប់គ្រងប្រកបដោយភាពច្នៃប្រឌិត ការទទួលខុសត្រូវ និងគណនេយ្យភាព, ក្នុងក្របខណ្ឌកែលម្អស្ថាប័ន, និងកិច្ចសហការសម្របសម្រួលរវាងភាគីពាក់ព័ន្ធផ្សេងៗ។

ជាក់ស្តែងក្រោមការគាំទ្រពីធនាគារពិភពលោកលោក ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តគម្រោង៖ «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» រយៈពេល៦ឆ្នាំ (២០២០-២០២៥) អនុវត្តនៅក្នុងតំបន់គោលដៅរួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ធំ និងនៅតាមតំបន់ការពារធម្មជាតិគោលដៅរួមមានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ដែនជម្រកសត្វព្រៃតាតៃ ដែនជម្រកសត្វព្រៃសំកុស របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ តំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងទន្លេសាប និងតំបន់ការពារធម្មជាតិនៅក្បែរមួយចំនួនទៀត។

បើតាមលោក ឃិន ម៉េងឃាង ជាប្រធានគ្រប់គ្រងគម្រោង និងជាប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថាន ក្នុងដំណើរបំពេញទស្សនកិច្ចស្វែងយល់អំពីផលិតផល និងសេវាកម្មទេសចរណ៍ធម្មជាតិ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ទី២៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងបរិស្ថាននឹងរួមចំណែកបន្ថែមទៀត ក្នុងកិច្ចការពារតំបន់ទេសភាព ដោយជំរុញការអភិវឌ្ឍគោលដៅទេសចរណ៍ថ្មីៗ ដោយភ្ជាប់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដោយមានមួយផ្នែកធំ គឺក្រសួងបានប្រើប្រាស់ថវិកា សម្រាប់ជួសជុលផ្លូវឱ្យមានសោភ័ណស្រស់ស្អាតឡើងវិញ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរមកគោលដៅទេសចរណ៍ធម្មជាតិ។

លោក ឃិន ម៉េងឃាង បានបន្តថា ក្រសួងបរិស្ថាន នៅតែបន្តពិនិត្យទៅលើលទ្ធភាពទាំងការគាំទ្រថវិកា បច្ចេកទេសដើម្បីពង្រឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសហគមន៍អេកូទេសចរណ៍ធម្មជាតិ ដែលមានភាពចាំបាច់ដូចជាបដិសណ្ឋារកិច្ច មគ្គុទេសក៍ទេសចរណ៍ ឬផ្ទះស្នាក់ កន្លែងបោះតង់ ព្រមកិច្ចការងារមួយចំនួនទៀត ដែលសហការជាមួយក្រសួងពាក់ព័ន្ធជាពិសេសក្រសួងទេសចរណ៍។

បើតាមលោក ឃិន ម៉េងឃាង បានបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិ បានទទួលនូវអត្ថប្រយោជន៍ជាច្រើន ពីលើការចូលរួមថែរក្សាធនធានធម្មជាតិ ដោយពួកគាត់ក៏អាចប្រមូលអនុផលព្រៃឈើប្រចាំឆ្នាំដូចជា៖ ទឹកឃ្មុំ ផ្លែឈើ ផ្សិត បន្លែជាដើមដែលអាចផ្តល់ចំណូលបន្ថែមជូនដល់ប្រជាពលរដ្ឋ។

ដោយឡែកលោក ទាង ឆាយហៀង អនុប្រធាននាយករដ្ឋានទំនាក់ទំនងសាធារណៈ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចប្រជាហគមន៍ និងជាពិសេសលើកស្ទួយវិស័យទេសចរណ៍នៅក្នុងប្រទេស ក្រសួងបានចាត់ក្រុមការងារជំនាញចុះត្រួតពិនិត្យនៅតាមតំបន់អេកូទេសចរណ៍ ក៏ដូចជាតំបន់ជនបទនានា ដើម្បីសិក្សាពីលទ្ធភាពស្ថាបនាផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងទឹកស្អាត និងអនាម័យ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងស្នាក់របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅតាមតំបន់ទាំងនោះ។

លោក ទូច ម៉ក់ ប្រធានសហគមន៍តំបន់ការពារ និងអេកូទេសចរណ៍ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា សហគមន៍ទេសចរណ៍ធម្មជាតិចំបក់ ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០០៣ និងមានផ្ទៃដីសរុប៣,៤៥១ហិកតា មានប្រជាសហគមន៍ចំនួន ៦៣៧គ្រួសារ បានចងក្រងជាសមាជិកសហគមន៍។ កាលពីមុនមិនទាន់បង្កើតជាសហគមន៍ តំបន់នេះពោលពេញដោយឡដុតធ្យូងដែលមានចំនួនប្រមាណ៤០០ឡ ដែលបានបានបំផ្លាញព្រៃឈើជិត១លានម៉ែត្រគីប ក្នុងមួយឆ្នាំ។

ប្រធានសហគមន៍រូបនេះ បានបន្តថា កាលពីមុនផ្ទុះជំងឺកូវីដ១៩ សហគមន៍តំបន់ការពារ និងអេកូទេសចរណ៍ចំបក់ ទទួលបានភ្ញៀវជាតិ និងអន្តរជាតិជាង ១ម៉ឺននាក់ ដោយរកចំណូលបានក្នុងមួយឆ្នាំ ២៥,០០០ដុល្លារ ទៅ៣០,០០០ដុល្លារ។ ខណៈផ្លូវធ្វើដំណើរចូលក្នុងតំបន់សហគមន៍ ក៏មានភាពងាយស្រួលជាងមុន ក្រោមការស្ថាបនា ជួសជុលដោយក្រសួងអភិភិវឌ្ឍន៍ជនបទ។

រាជរដ្ឋាភិបាលកម្ពុជាក៏មានបំណងប្រែក្លាយតំបន់អភិរក្សខ្លះ ដែលមានសក្តានុពលទេសចរណ៍ ឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីឆ្លើយតបកំណើនឡើងនៃវិស័យទេសចរណ៍ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការដើរកម្សាន្ត។

បច្ចុប្បន្ននេះ ទេសចរណ៍ក្នុងស្រុក មានកំណើនឡើងគួរឱ្យកត់សម្គាល់។ រាជរដ្ឋាភិបាលកម្ពុជាមានទិសដៅធ្វើឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មីសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរ ដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។

ជាមួយនឹងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រជាសហគមន៍នឹងមានជីវភាពរីកចម្រើននាអនាគត។ បងប្អូននឹងសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីអនាគតសហគមន៍៕