(ភ្នំពេញ)៖ ដើម្បីគ្រប់គ្រងគុណភាពខ្យល់ និងដើម្បីធានាឱ្យគុណភាពខ្យល់នៅកម្ពុជានារដូវប្រាំងនេះឱ្យនៅតែរក្សាគុណភាពល្អ ក្រសួងបរិស្ថានបានចេញសេចក្តីណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថានរាជធានី-ខេត្តចាត់វិធានការចាំបាច់មួយចំនួន។ នេះបើតាមសេចក្តីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
តាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន គុណភាពខ្យល់នៅតែមានកម្រិតក្រោមស្តង់ដាមានគុណភាពល្អ បើទោះបីជាកម្រិតកំហាប់ភាគល្អិតនិចលមានការកើនឡើង ជាពិសេសកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM10 និង PM2.5 បន្តិចក៏ដោយ។
លោករដ្ឋលេខាធិការបានថ្លែងថា យោងតាមលទ្ធផលនៃការអនុវត្តតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ដែលក្រសួងបរិស្ថានបានដំឡើងនៅតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេសបានបង្ហាញថា ស្ថានភាព គុណភាពខ្យល់មានការធ្លាក់ចុះ ជាពិសេសកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM10 និង PM2.5 អាចមានកើនឡើងលើសកម្រិតស្តង់ដានៅបណ្តាខេត្តមួយចំនួន ដែលជាហានិភ័យបង្កផលប៉ះពាល់ចំពោះសុខភាពប្រជាពលរដ្ឋ និងបរិស្ថាន។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ប្រភពនិងសកម្មភាពសំខាន់ៗដែលជាហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM10 និង PM2.5 មានការកើនឡើង រួមមាន ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាស៊ូត ពីចំហេះឥន្ធនៈផ្សេងៗ ពិសេសភ្លើងឆេះព្រៃ ការដុតវាលស្មៅ ការដុតសំណល់កសិកម្ម ការដុតរានព្រៃ ការដុតគល់ជញ្រ្ជាំងស្រូវ ការដុតសំរាមសំណល់រឹងនៅទីចំហ និងការឆេះសំណល់ទីលានចាក់សំណល់ ព្រមទាំងការហុយធូលីពីការដ្ឋានសំណង់ជាដើម។
លោករដ្ឋលេខាធិការបានថ្លែងថា ដោយពិនិត្យឃើញនូវបញ្ហាបែបនេះ និងដើម្បីកែលម្អគុណភាពខ្យល់នៅតាមរាជធានី-ខេត្ត ក្រសួងបរិស្ថានជម្រាបជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថានរាជធានី-ខេត្តនូវវិធានការ មួយចំនួនដូចខាងក្រោម៖
១៖ ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងការដុតសំរាម សំណល់រឹងនៅតាមទីចំហ ការឆេះនៅតាមទីលានចាក់សំណល់។
២៖ ត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីពីការដ្ឋានសំណង់ និងការដា្ឋនកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងធូលីហុយនៅតាមដងផ្លូវ។
៣៖ ការធ្វើសម្អាតអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈ។
៤៖ អប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាម សំណល់រឹង ការដុតស្មៅ គល់ជញ្រ្ជាំង និងសំណល់កសិកម្មផ្សេងៗទៀត។
លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ការបំពុលខ្យល់កំពុងក្លាយជាបញ្ហាប្រឈមផ្នែកបរិស្ថាននៅក្នុងតំបន់និងពិភពលោក ដែលផលប៉ះពាល់ពីការបំពុលខ្យល់មានលក្ខណៈធំធេង ដោយសារតែសារធាតុបំពុលខ្យល់អាចសាយភាយបានឆ្ងាយ បង្កឱ្យមានការបំពុលឆ្លងដែន រួមផ្សំនឹងឥទ្ធិពលពីកត្តាអាកាសធាតុ និងភូមិសាស្ត្រ បានធ្វើឱ្យការបំពុលខ្យល់ក្លាយជាបញ្ហាប្រឈមចំពោះសុខភាព ដែលទាមទារឱ្យគ្រប់ប្រទេសទាំងអស់មានការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាបំពុលខ្យល់ ប្រភពនៃការបំពុលខ្យល់មានការកើនឡើងជាលំដាប់នូវមធ្យោបាយធ្វើដំណើរការប្រើប្រាស់ថាមពលក្នុងដំណើរការផលិតកម្ម សេវាកម្ម និងលំនៅឋាន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសំណង់ បណ្តាលឱ្យមានកំណើននៃការបញ្ចេញឧស្ម័នបំពុលបរិយាកាស។
លោកបានថ្លែងថា ជាវិធានការនៃការកាត់បន្ថយការបំពុលខ្យល់ ក្រសួងបរិស្ថានបានផ្តួចផ្តើមរៀបចំផែនការខ្យល់ស្អាត កម្ពុជា ដោយមានកិច្ចសហការផ្តល់បច្ចេកទេស និងហរិញ្ញវត្ថុពីកម្មវិធីភាពជាដៃគូ ស្តីពីខ្យល់ស្អាតអាស៊ីប៉ាស៊ីហ្វិកនៃកម្មវិធីបរិស្ថានសហប្រជាជាតិ និងវិទ្យាស្ថានបរិស្ថានស្តុកខូម នៃប្រទេសស៊ុយអ៊ែត។
ថ្មីៗនេះ ក្រសួងបរិស្ថានបានចេញផ្សាយផែនការខ្យល់ស្អាតកម្ពុជា ដែលជាឯកសារយុទ្ធសាស្រ្តជាតិ សំដៅកំណត់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលខ្យល់នៅប្រទេសកម្ពុជា។
បើតាមលោក នេត្រ ភក្ត្រា ឯកសារជាយុទ្ធសាស្រ្តនេះបានផ្តល់នូវទិដ្ឋភាពសំខាន់ៗ រួមមាន ស្ថានភាពគុណភាពខ្យល់ (បច្ចុប្បន្ន និងនិន្នាការក្នុងឆ្នាំ២០៣០) ប្រភពបំពុលខ្យល់សំខាន់ៗ លិខិតបទដ្ឋានគតិយុត្ត និងវិធានការកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលបរិយាកាសតាមវិស័យ ហើយជាលើកទីមួយហើយដែលការបញ្ចេញសារធាតុបំពុលបរិយាកាស បង្កផលប៉ះពាល់ដល់សុខភាពត្រូវបានវាស់វែងក្នុងកម្រិតជាតិ និងវិធានការកាត់បន្ថយការបំពុលបរិយាកាសត្រូវបានដាក់អនុវត្ត ក្នុងគោលបំណងលើកកំពស់គុណភាពខ្យល់ ការពារសុខភាពសាធារណៈ និងបរិស្ថាន ត្រូវបានកំណត់ជាក់លាក់។
ផែនការខ្យល់ស្អាតកម្ពុជាត្រូវបានរៀបចំឡើងដោយធ្វើសមាហរណកម្មជាមួយគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា សារាចរលេខ០១ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង ដើម្បីដាក់ចេញជាវិធានការកាត់បន្ថយការបញ្ចេញសារធាតុបំពុលខ្យល់។
ប្រទេសកម្ពុជាក៏ដូចនឹងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតដែរ ការកើនឡើងជាលំដាប់នូវមធ្យោបាយធ្វើដំណើរការប្រើប្រាស់ថាមពលក្នុងដំណើរការផលិតកម្ម សេវាកម្ម និងលំនៅឋាន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសំណង់ បណ្តាលឱ្យមានកំណើននៃការបញ្ចេញឧស្ម័នបំពុលបរិយាកាសនៅកម្ពុជា។ ជាក់ស្តែងបើយោងតាមទិន្នន័យតាមដានគុណភាពខ្យល់របស់ក្រសួងបរិស្ថាន បានបង្ហាញថា នៅរាជធានីភ្នំពេញជារៀងរាល់ឆ្នាំកំហាប់ PM2.5 ជាមធ្យមមានកើនឡើងពី ១៣.៥៩ μg/m³ ក្នុងឆ្នាំ២០១៧ និង១៩.២៦ μg/m³ ក្នុងឆ្នាំ២០១៨ ហើយវាបានកើនឡើងដល់ ២១.១២ μg/m³ ក្នុងឆ្នាំ២០១៩ ។ បើទោះបីជាកំហាប់ភាគល្អិតនិចលស្ថិតក្រោមបន្ទាត់ស្តង់ដាជាតិ (២៥ μg/m³) ក៏ដោយ ប៉ុន្តែនិន្នាការនៃការកើនឡើងកំហាប់សារធាតុបំពុលខ្យល់ពីមួយឆ្នាំទៅមួយឆ្នាំក្នុងបរិយាកាសគឺមានកម្រិតគួរឱ្យកត់សម្គាល់ ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់វិធានការកាត់បន្ថយ។ ការបំពុលខ្យល់បណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនចំពោះសុខភាពសាធារណៈ បរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ភាគល្អិតនិចលមានសមាសធាតុដែលជាល្បាយនៃភាគល្អិតសរីរាង្គ និងអសរីរាង្គអណ្តែតក្នុងខ្យល់ដែលសមាសធាតុសំខាន់ៗទាំងនោះមានដូចជាស៊ុលហ្វាត នីត្រាត អាម៉ូញាក់ កាបូនខ្មៅ។ល។ ភាគល្អិតដែលមានអង្កត់ផ្ចិត ២,៥μm ឬតូចជាងនេះមានគ្រោះថ្នាក់ខ្លាំងចំពោះសុខភាពដោយសារវាអាចជ្រៀតចូល និងស្ថិតនៅជ្រៅក្នុងសួត។ មានជំងឺមួយចំនួនដែលបណ្តាលមកពីការប៉ះពាល់ជាមួយភាគល្អិតនិចលក្នុងរយៈពេលវែង ដូចជាប៉ះពាល់ដល់ទារក (កើតមុនកំណត់ ទំងន់មិនគ្រប់) ជំងឺផ្លូវដង្ហើមចំពោះកុមារ ក្រិនសរសៃឈាម ការវិវឌ្ឍប្រព័ន្ធប្រសាទ និងសមត្ថភាពខួរក្បាល។ បើយោងតាមអង្គការសុខភាពពិភពលោក ការបំពុលខ្យល់សាធារណៈបានសម្លាប់មនុស្សប្រមាណ៤.២លាននាក់ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក ដែលតំបន់ប៉ាស៊ីហ្វិកខាងលិច និងអាស៊ីអាគ្នេយ៍ជាតំបន់ដែលរងផលប៉ះពាល់ច្រើនជាងគេ (WHO ឆ្នាំ២០១៦)។
លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានអំពាវនាវដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថានរាជធានី-ខេត្តមានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនិង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាបាននូវគុណភាពខ្យល់ល្អប្រសើរដល់ពលរដ្ឋកម្ពុជា៕