(ភ្នំពេញ)៖ ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលពីមន្ត្រីរាជការប្រមាណ ១៤,៤៤៧រូប មកពីក្រសួង-ស្ថាប័ន ចំនួន៣៣ និង២៥រាជធានី-ខេត្ត បានបញ្ចប់ជាស្ថាពរហើយ។

អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលធ្វើឡើងពីរឆ្នាំម្តងនេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា។ ក្នុងនោះក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានចាំទទួលឯកសារប្រកាសរៀងរាល់ថ្ងៃ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃបុណ្យឡើយ។

ក្នុងសេចក្តីជូនដំណឹង ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃអង្គារ ទី០១ ខែកុម្ភៈ អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា មន្ត្រីរាជការដែលបានប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះ មកពីក្រសួងស្ថាប័នចំនួន៣៣ និងរាជធានី-ខេត្តទាំង២៥។

ក្នុងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយមាត្រា១៧ បានឱ្យដឹងថា សមាសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលរួមមាន៖ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល, មន្ត្រីសាធារណដែលមានអាណត្តិជ្រើសតាំង, សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ប្រធាន អនុប្រធាន និងមន្ត្រីទាំងអស់នៃអង្គភាពប្រឆាំងអំពើពុករលួយ, មន្ត្រីរាជការស៊ីវិល យោធា នគរបាលជាតិ និងអ្នករាជការសាធារណៈផ្សេងទៀត ដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ, មន្ត្រីផ្សេងទៀតដែលតែងតាំងដោយប្រកាស ហើយត្រូវបានកំណត់ឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមបញ្ជីដែលរៀបចំឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ, ចៅក្រមអាសនៈ ចៅក្រមអយ្យការ សារការី ក្រឡាបញ្ជី និងអាជ្ញាសាលា និងថ្នាក់ដឹកនាំនៃសង្គមស៊ីវិល។

មាត្រា១៨ បានចែងថា មន្ត្រីដែលបានកំណត់ដូចខាងលើនេះ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនរៀងរាល់ពីរឆ្នាំម្តងនៅដើមខែមករា ហើយមិនឱ្យហួសពីថ្ងៃទី៣១ ខែមករា ឡើយ៕