(កំពង់ស្ពឺ)៖ មន្រ្តីជំនាញកសិកម្ម និងទូតអាល្លឺម៉ង់ និងក្រុមហ៊ុននាំចេញស្វាយ បានជំរុញឱ្យកសិករ ត្រូវធ្វើទំនើបកម្មលើបច្ចេកទេសដាំស្វាយ ឱ្យស្របតាមស្តង់ដារ និងគុណភាព ជាពិសេសបង្កើនការដាំស្វាយខុសរដូវ ដើម្បីបង្កើនការនាំឱ្យចេញឱ្យបានគ្រប់រដូវកាល និងបង្កើនតម្លៃបន្ថែម ក៏ដូចជាឈានទៅនាំចេញទៅទីផ្សារអឺរ៉ុប។

មន្រ្តី និងទូតអាល្លឺម៉ង់ និងក្រុមហ៊ុននាំចេញស្វាយជំរុញបែបនេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចនៅចម្ការស្វាយរិចហ្វាមជម្ជូព្រឹក្ស ក្នុងស្រុកឧត្តុង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងកសិករដាំស្វាយមកពី៥ខេត្ត ក្នុងប្រទេសកម្ពុជា។

ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន Richfarm Asia បានថ្លែងថា បន្ទាប់ពីអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានចុះទស្សនកិច្ចចម្ការស្វាយរិចហ្វាមជម្ជូព្រឹក្សនេះរួចមក លោកអគ្គរដ្ឋទូតបានចាប់អារម្មណ៍ និងចង់សាកល្បងនាំចេញទៅអឺរ៉ុប និងអាល្លឺម៉ង់។ ហេតុនេះលោកជំរុញឱ្យកសិករដាំស្វាយផ្លាស់ប្តូរពីការដាំដុះស្វាយធម្មតា មកធ្វើតាមបែបទំនើបកម្មវិញ ឱ្យស្របតាមស្តង់ដារ តម្រូវតាមទីផ្សារនាំចេញ ដើម្បីកុំឱ្យបារម្ភពីការខ្វះខាតទីផ្សារ ពេលប្រមូលផល។

លោកបន្តថា ក្នុងមួយឆ្នាំៗ ស្វាយកម្ពុជាទទួលបានទិន្នផលប្រមាណជាង១លានតោន ឬទៅជិត២លានតោន ប៉ុន្តែស្វាយទាំងនោះហាក់មិនទាន់ឆ្លើយតបតាមស្តង់ដារនៅឡើយទេ ជាពិសេសស្វាយដែលមានស្តង់ដារនាំចេញទៅអឺរ៉ុប។

លោកបានសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីអភិវឌ្ឍន៍ដំណាំស្វាយឱ្យត្រូវជាមួយស្តង់ដារនៃការនាំចេញ ក្នុងនោះដែរលោកបានជ្រើសរើសយកចម្ការស្វាយរិចហ្វាមជម្ជូព្រឹក ពីចម្ការស្វាយធម្មតា មកជាលក្ខណៈចម្ការស្វាយមានប្រព័ន្ធទំនើបកម្ម ដែលនាំយកបច្ចេកទេសពីប្រទេសអ៊ីស្រាអែល ហើយលោកបាននឹងសហការជាមួយកសិករ ដើម្បីពង្រឹងទៅលើការធ្វើទំនើបកម្មដំណាំស្វាយផងដែរ ។

លោកគូសបញ្ជាក់ថា «ហេតុអ្វីបានជាយើង ត្រូវធ្វើរបៀបនេះ គឺដោយសារយើងចង់បាន ស្វាយដែលមានស្តង់ដារខ្ពស់ធ្វើការនាំចេញទីផ្សារអន្តរជាតិ ហេតុនេះបានជាថ្ងៃនេះយើងមានការរៀបធ្វើជាគម្រូ ក្នុងការបង្ហាញទៅដល់ទូតក៏ដូចជាគណៈប្រតិភូ ក៏ដូចជាសហគមកសិករ មកពី៥ខេត្ត តំណាង២៥រូបធ្វើការពិនិត្យផ្ទាល់តែម្តងហើយយើងមានធ្វើបទបង្ហាញពីការធ្វើស្វាយខុសរដូវ ក៏ដូចជាការគ្រប់គ្រងការប្រើប្រាស់ធាតុចូលកសិកម្មជាដើម។ ចឹងទាំងអស់នេះ យើងហៅថាការធ្វើកសិកម្មល្អ Cam Gap»

លោក Christin Berger អគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាបានថ្លែងថា ចម្ការស្វាយរិចហ្វាមជម្ជូព្រឹក គឺជាកម្ការស្វាយតែមួយគត់នៅកម្ពុជា ដែលដាំដុះស្វាយតាមបច្ចេកទេសទំនើប និងមានប្រព័ន្ធ ស្រោចស្រពបែបទំនើប។ លោកចង់ឱ្យកសិករផ្លាស់ប្តូរទម្លាប់មកដាំដំណាំតាមកសិកម្មល្អវិញ ដើម្បីធ្វើឱ្យស្វាយនេះ មានស្តង់ដារខ្ពស់សម្រាប់នាំចេញទៅទីផ្សារអឺរ៉ុប ជាពិសេសម្ចាស់ចម្ការដែលបានចុះមកទស្សនកិច្ចពេលនេះ ដែលកន្លងមកបានជួបប្រទះបញ្ហាស្វាយធ្លាក់ថ្លៃ និងគ្មានទីផ្សារលក់។

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មជំ រុញឱ្យកសិករ និងអ្នកវិនិយោគ ពង្រឹង និងបង្កើនការដាំស្វាយតាមស្តង់ដារបច្ចេកទេស ជាពិសេសស្វាយខុសរដូវឱ្យបានច្រើនបន្ថែមទៀត ដើម្បីពង្រីកទីផ្សារទៅអឺរ៉ុប បន្ថែមពីទីផ្សារចិន។

លោកបន្ថែមថា កន្លងមកក៏មានកសិករកម្ពុជាសាកល្បងដាំស្វាយខុសរដូវដែរ ប៉ុន្តែមិនសូវទទួលបានផលនោះទេ ដោយសារបញ្ហាអាកាសធាតុ ដែលទាមទារឱ្យមានការសិក្សាបច្ចេកទេសបន្ថែម។

លោកលើកទឹកចិត្តឱ្យកសិករចងក្រងគ្នាជាសហគមន៍ ដើម្បីងាយស្រួលក្នុងការបណ្តុះបណ្តាល និងត្រូវផ្សារភ្ជាប់ជាមួយវិស័យឯកជន ដើម្បីងាយស្រួលក្នុងការយកទៅធ្វើប្រព្រឹត្តិកម្ម សម្រាប់ការនាំចេញ ។

តាមអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ផ្ទៃដីដាំស្វាយនៅកម្ពុជា មានប្រមាណជាង១០ម៉ឺនហិកតា និងទទួលបានទិន្នផលប្រមាណ២លានតោន ក្នុងមួយឆ្នាំៗ។

របាយការណ៍របស់ក្រសួងកសិកម្ម បានឱ្យដឹងថា កាលពីឆ្នាំ២០២១ ការនាំចេញផ្លែស្វាយស្រស់មាន ចំនួន ២៤២ ៤៨៣,៧៦តោន កើនឡើងចំនួន ១៤៨.៣៨%៕