(ភ្នំពេញ)៖ ក្រោយបញ្ចប់ប្រតិបត្តិការបង្ក្រាប ក្រុមជួញដូរគ្រឿងញៀននៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ម្សិលមិញ ដ៏កក្រើក និងដ៏សាហាវនៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោកនោះ ស្រាប់តែនៅលើបណ្តាញសង្គម Facebook បានបន្តចែករំលែករូបភាពគ្រឿងញៀនដ៏ច្រើនថា ជាវត្ថុតាងដែលកម្លាំងសមត្ថកិច្ចបានរឹបអូស ពីក្រុមជនល្មើសទាំងនោះ។
ភ្លាមៗក្រោយមានព័ត៌មានខាងលើនេះ កើតឡើងលោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនការគ្រឿងញៀន បានចេញមកបដិសេធចោលទាំងស្រុង ពោលរូបភាពទាំងនេះ គឺជាវត្ថុតាងគ្រឿងញៀនដែលត្រូវបង្ក្រាបបានកាលពីឆ្នាំ២០១៥ពីសំណាក់កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ។
លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់តាមបណ្តាញ WhatsApp ថា «យើងឃើញបណ្ដាញហ្វេសប៊ុក មានការយល់ច្រឡំ ដោយយករូបភស្តុតាងថ្នាំញៀន ដែលមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានកាលពីឆ្នាំ២០១៥ មកដាក់ជាលទ្ធផលប្រតិបត្តិការរបស់អាវុធហត្ថដែលមានការផ្ទុះអាវុធ»។ តាមព័ត៌មានពីមន្ត្រីនគរបាល បានឲ្យដឹងថា រូបគ្រឿងញៀនដែលគេយក យកទៅបង្ហោះនៅក្នុង Facebook ហើយអះអាងថា ជាគ្រឿងញៀនដែលអាវុធហត្ថចាប់បាន កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នោះ តាមពិតគឺជារូបគ្រឿងញៀនដែលកម្លាំងនគរបាល បង្ក្រាបបានកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥កន្លងទៅ ដែលមានមេក្លោងឈ្មោះ ដាំ ញ៉ា និងឈ្មោះ លីវ សី។
មន្រ្តីជាន់ខ្ពស់អាវុធហត្ថរាជធានីភ្នំពេញ បានរៀបរាប់នៃប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ដែលមានរយះជាង២ម៉ោងយ៉ាងដូច្នេះថា ហេតុការណ៍នោះ ដំបូងឡើយបានផ្តើមចេញពី កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ាន់ សុភាព ជានាយការិយាល័យ និងលោកអនុសេនីយ៍ឯក ទៀន ករុណា នាយរងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់បានជនល្មើសជួញដូរគ្រឿងញៀនម្នាក់ ឈ្មោះ លី វីរៈ អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ នៅម្តុំបឹងឈូកទល់មុខពេទ្យលោកសង្ឃ និងដកហូតថ្នាំញៀនបាន២០៦គ្រាប់។
តាមចម្លើយសារភាពរបស់ជនល្មើសម្នាក់នេះ បានប្រាប់ថាមេក្លោងធំរបស់វា នៅផ្ទះលេខ៣៧ ផ្លូវលេខ៣៥១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ទើបកម្លាំងសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានសុំគោលការណ៍ពីព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ និងព្រះរាជអាជ្ញារង សៀង សុខ ចុះទៅបង្ក្រាបក្រុមជួញដូរថ្នាំញៀនទាំងនោះដោយសហការណ៍ ជាមួយអាវុធហត្ថខណ្ឌទួលគោក។
ពេលទៅដល់ផ្ទះជនល្មើសដែលមានពីរជាន់ (ថ្មក្រោម ឈើលាយថ្មខាងលើ) សមត្ថកិច្ចអាវុធហត្ថក៏សំរុកចូលដល់ក្នុងផ្ទះជាន់ខាងក្រោម ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ និងបន្តឡើងទៅជាន់លើឃាត់ខ្លួនបានបក្សពួកវាម្នាក់ទៀត ភ្លាមៗនោះជនល្មើស ដែលជាមេក្លោងធំរបស់ពួកវាបានចេញមកបាញ់ប្រហារ លើកម្លាំងសមត្ថកិច្ចបណ្តាលឲ្យអាវុធហត្ថម្នាក់ត្រូវ១គ្រាប់ ហើយសមត្ថកិច្ចអាវុធហត្ថបានបាញ់តបត ដើម្បីរំដោះអ្នករបួសយកទៅមន្ទីរពេទ្យ តែជាអកុសលត្រូវបានពលីពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។
បន្ទាប់មកលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដឹកនាំកម្លាំង (ខ) អន្តរាគមន៍ទៅដល់កន្លែងកើតហេតុដោយផ្ទាល់ តែដោយផ្ទះរបស់ជនល្មើសចាប់កាមេរ៉ាសុវត្ថិភាពគ្រប់ទីកន្លែង ធ្វើឲ្យកម្លាំងប្រតិបត្តិការមិនអាចចូលទៅក្នុងផ្ទះបាន ហើយជនល្មើសបានបាញ់សង្គ្រប់មកលើសមត្ថកិច្ច ជាបន្តបន្ទាប់មិនតិចជាង៥០គ្រាប់ ទើបលោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បញ្ជាឲ្យកម្លាំងរបស់លោក បាញ់កម្ទេចកាមេរ៉ាចោលមួយចំនួន និងសម្រុកចូលទៅបាញ់ប្រហារតបត ជាមួយជនល្មើសដែលជាមេក្លោងធំនោះ បណ្តាលឲ្យស្លាប់នៅក្នុងបន្ទប់ដេក របស់វាដែលមានកាមេរ៉ាតែម្តង។
ក្នុងប្រតិបត្តិការសំរុកចូលនោះ ជនល្មើសក៏បានបាញ់ប្រហារ ត្រូវកម្លាំងអាវុធហត្ថ០២នាក់ទៀតផងដែរ គឺម្នាក់ត្រូវដើមទ្រូង តែបានអាវក្រោះការពារ ដោយក្បាលគ្រាប់បៀមជាប់អាវក្រោះ និងម្នាក់ទៀតត្រូវចំភ្លៅឆ្វេង តែបានទូរស័ព្ទ Iphone ពីរគ្រឿង នៅក្នុងហោប៉ៅខោជួយទប់គ្រាប់ បណ្តាលឲ្យកំពិតទូរស័ព្ទទាំងពីរគ្រឿង ពេលសមត្ថកិច្ចចូលទៅឆែកឆេរក្នុងបន្ទប់របស់ជនល្មើស រកឃើញថា ជននោះបានចាក់គ្រឿងញៀនចោល បង្ហូរចូលទៅក្នុងបង្គន់ទាំងអស់ ដែលធ្វើឲ្យសមត្ថកិច្ចប្រមូលបានតែកម្ទេចកម្ទីថ្នាំញៀនមួយចំនួន ដែលវាធ្វើកំពប់ក្រៅបង្គន់ប៉ុណ្ណោះ ហើយជនល្មើសបានដុតបំផ្លាញឯកសារ ពាក់ព័ន្ធមួយចំនួនផងដែរ ដែលធ្វើឲ្យសមត្ថកិច្ចអាវុធហត្ថ មិនទាន់អាចកំណត់អត្តសញ្ញាណមេក្លោងធំនេះបាននៅឡើយ។
ក្រោយប្រតិបត្តិការអស់ប្រហែលជាង២ម៉ោង សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានគ្រប់គ្រងសភាពការណ៍ទាំងស្រុង ដោយឃាត់ខ្លួនជនល្មើសសរុបបាន០៥នាក់ បាញ់ស្លាប់ម្នាក់ ដកហូតបានអាវុធបាន០៦ដើម (អាវុធខ្លី០៥ដើម អាវុធវែងAK០១ដើម) រថយន្ត០២គ្រឿង គឺ Lexus RX-300 មួយគ្រឿង ស្លាកលេខភ្នំពេញ 2AF-1549 និងរថយន្ត AudiQ7 មួយគ្រឿងពាក់ស្លាកលេខនគរបាល-2-0621 ម៉ូតូ០៤គ្រឿង។ ហើយពលីកម្លាំងអាវុធហត្ថម្នាក់គឺលោក អនុសេនីយ៍ឯក ទៀន ករុណា នាយរងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បច្ចុប្បន្នតម្កល់ធ្វើបុណ្យ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលនឹងដង្ហែរទៅបូជាថ្ងៃសៅរ៍ទី៣០ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង០២រសៀលនៅវត្តនន្ទមុន្នី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ៕