(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកការងាររព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់បន្តពង្រឹងនូវកិច្ចសហការតាមជំនាញរបស់ខ្លួន ដេីម្បីការផ្តល់សេវាព្យាបាលស្តារនីតិសម្បទាប្រកបដោយគុណភាព និងប្រសិទ្ធភាព ដល់អ្នកញៀនគ្រឿងញៀននៅកម្ពុជា។

ការណែនាំនេះធ្វើឡើងក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២២ ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ និង Hybrid ដោយមានការចូលរួមពីនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងក្រសួង ស្ថាប័ន និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ជាសមាជិក ចូលរួមជាង៨៣រូប ដេីម្បីពិនិត្យឡើងវិញនូវការផ្តល់សេវាព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

លោក ម៉ម ប៊ុនហេង បានអនុញ្ញាតឱ្យមន្រ្តីដែលទទួលបន្ទុកការងារព្យាបាលស្តារនីតិសម្បទាធ្វេីបទបង្ហាញដាក់ជូនអង្គប្រជុំពិនិត្យពិភាក្សា ក្នុងនោះមានការផ្តល់សេវាព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល និងការផ្តល់សេវាព្យាបាលស្តារនីតិសម្បទានៅតាមមជ្ឈមណ្ឌលជាតិ នៅខេត្តព្រះសីហនុ និងមជ្ឈមណ្ឌលបណ្តោះអាសន្នរដ្ឋ ឯកជន និងអង្គការ ។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់បន្តពង្រឹងនូវកិច្ចសហការតាមជំនាញរបស់ខ្លួន ដេីម្បីការផ្តល់សេវាព្យាបាលស្តារនីតិសម្បទាប្រកបដោយគុណភាព និងប្រសិទ្ធភាព ដល់អ្នកញៀនគ្រឿងញៀននៅកម្ពុជា។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តឱ្យដឹងថា មកដល់ពេលនេះ កម្ពុជាមានមជ្ឈមណ្ឌលបណ្តោះអាសន្នរដ្ឋ ឯកជន និងអង្គការចំនួន១៨កន្លែង និងទីកន្លែងផ្តល់សេវាតាមមូលដ្ឋានសុខាភិបាលមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ក្រុង -ស្រុក និងមណ្ឌលសុខភាពបា នចំនួន៤៥៤កន្លែង និងមានក្រុមគ្រូពេទ្យដែលបម្រេីការងារនេះចំនួន៨៨៣នាក់៕