(សៀមរាប)៖ ស្នងការនគរបាលខេត្តសៀមរាប ចេញសេចក្តីណែនាំស្ដីពីការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២២ ដើម្បីធានាបាននូវសន្ដិសុខ និងសុវត្ថិភាពសង្គមបានល្អប្រសើរ ជូនប្រជាពលរដ្ឋ ចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិចិន និងវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១-០៣ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានណែនាំដល់បណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុក ទូទាំងខេត្តសៀមរាប ត្រូវយកចិត្តទុកដាក់ប្រមូលព័ត៌មានពាក់ព័ន្ធសភាពការណ៍សន្ដិសុខ សណ្ដាប់ធ្នាប់សារធារណៈ ពិសេសក្ដាប់ឲ្យបាននូវឧបាយកល សកម្មភាពបង្កអរសន្ដិសុខ ឬការញុះញង់នានាធ្វើអោយសង្គមមានចលាចល។ ចាត់វិធានការការពារសន្ដិសុខ សណ្ដាប់ធ្នាប់នៅតាមទីអារាម ព្រះវិហារចិន និងវៀតណាមក៏ដូចជាទីសក្ការៈ និងរមណីយដ្ឋានមួយចំនួនដែលមានការប្រារព្ធពិធីបុណ្យផ្សេងៗ ដោយយកចិត្តទុកដាក់បង្ការទប់ស្កាត់មិនឲ្យមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសសកម្មភាពបង្កការអុកឡុកដោយក្មេងទំនើង និងត្រូវរៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរ។

ក្នុងសេចក្តីជូនដំណឹងបានបន្តទៀតថា ត្រូវរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ បង្ការភាពកកស្ទះ និងបង្កើតការរឹតបន្ដឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅសួរសុខទុក្ខញាតិមិត្ត ឬទៅកំសាន្ដតាមតំបន់រមណីយដ្ឋាននានា ដោយប្រព្រឹត្ដទៅសប្បាយរីករាយ និងសុវត្ថិភាព។ អាជ្ញាធរដែនដីត្រូវដាស់តឿនប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន ចំពោះអគ្គីភ័យ ជាពិសេស ទៀន ធូប នៅពេលសែនព្រេន ភ្លើងចង្រ្កាន ចរន្ដអគ្គិសនី គ្រឿងឆេះ ព្រមទាំងហាមឃាត់មិនឲ្យមានការតាំងលក់ ផាវ កាំជ្រួច និងគ្រឿងផ្ទុះផ្សេងៗ ។ ជាមួយគ្នានេះត្រូវប្រមូលផ្ដុំកម្លាំង និងមធ្យោបាយប្រចាំការ ដើម្បីត្រៀមចេញអន្ដរាគមន៍ពន្លត់ និងសង្រ្គោះហេតុការណ៍អគ្គិភ័យ ដែលអាចកើតមានឡើងជាយថាហេតុ។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្ត ក៏បានណែនាំឱ្យមន្រ្តីទាំងអស់ ត្រូវបន្ដពង្រឹងកិច្ចសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គ្រប់ថ្នាក់ ដោយត្រៀមកម្លាំង មធ្យោបាយ សម្ភារ សំដៅរួមចំណែកក្នុងការអនុវត្តសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍៕