(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្តេចបានចុះហត្ថលេខារួចហើយ ក្នុងការផ្ទេរមុខងារឱ្យដាច់ដោយឡែកពីគ្នារវាងក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងបញ្ហាដីសម្បទាន និងព្រៃឈើកន្លងមក។
ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កន្លងមកក្រសួងទាំងពីរនេះ បានចែកមុខងារគ្នាមិនដាច់ស្រេច ដោយក្រសួងបរិស្ថាក៏គ្រប់គ្រងដីសម្បទាន ហើយក្រសួងកសិកម្ម ក៏គ្រប់គ្រងដីសម្បទាន។ ដោយឡែកចំពោះបញ្ហាព្រៃការពារក៏ដូចគ្នា។
សម្តេចតេជោ បានលើកឡើងថា «មិញនេះ ខ្ញុំព្រះករុណាខ្ញុំ ទើបនឹងចុះហត្ថលេខា ដើម្បីផ្ទេការគ្រប់គ្រង...យើងមានក្រសួង២ ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន។ មុននេះដីសម្បទានសេដ្ឋកិច្ច ទាំងក្រសួងកសិកម្មក៏ផ្តល់ ទាំងក្រសួងបរិស្ថានក៏ផ្តល់។ ក្រសួងបរិស្ថានក៏មានព្រៃការពារ និងក្រសួងកសិកម្មក៏មានព្រៃការពារ»។
សម្តេចបានបញ្ជាក់ថា «ឥឡូវត្រូវផ្ទេរមុខងារបែងចែកមុខងារឱ្យដាច់ ក្រសួងបរិស្ថានត្រូវផ្តល់ដីទាំងឡាយណាដែលផ្តល់ឱ្យក្រុមហ៊ុនវិនិយោគ ប្រគល់ឱ្យក្រសួងកសិកម្មគ្រប់គ្រង ឯក្រសួងកសិកម្ម ក៏ត្រូវផ្តល់ព្រៃទាំងឡាយ ដែលជាតំបន់ការពារ ទៅឱ្យក្រសួងបរិស្ថានគ្រប់គ្រង ក្នុងនោះក៏មានគោលការណ៍មួយបន្តទៅទៀត បើសិនជាសិក្សាទៅឃើញថា ត្រូវដាក់ព្រៃតំបន់ណាជាព្រៃការពារ ជាស្វ័យប្រវត្តិចូលទៅក្នុងការគ្រប់គ្រងនៃក្រសួងបរិស្ថានតែម្តង»។
ពាក់ព័ន្ធទៅនឹងបញ្ហាព្រៃការពារនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពីការដាក់ព្រៃឈើប្រមាណជិត១លានហិកតា ទៅជាតំបន់ព្រៃការពារផងដែរ ហើយសម្តេចបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ជាមួយរាជរដ្ឋាភិបាល។
សម្តេចថា «យើងនឹងដាក់ព្រៃឈើប្រមាណ១លានហិកតាទៀត ជាតំបន់ព្រៃការពារ ក្នុងនោះមានព្រៃឡង់ ព្រៃភ្នំក្រវាញ និងតំបន់មួយចំនួនទៀត ឥឡូវយើងមានគោលដៅដូចគ្នាហើយ មិនចាំបាច់បែងចែកគ្នាទៀតទេ រាជរដ្ឋាភិបាលក៏ត្រូវការពារព្រៃឈើ ប្រជាជនក៏ត្រូវការពារព្រៃឈើ»៕