(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលបានប្រឡងជាប់បាក់ឌុបហើយនោះ ត្រូវខិតខំរៀនសូត្រនៅកម្រិតសិក្សាខ្ពស់បន្តទៀត ដើម្បីអភិវឌ្ឍសមត្ថកិច្ចភាពចំណេះដឹង និងជំនាញឲ្យក្លាយជាធនធានមនុស្សសម្រាប់ប្រទេសជាតិ។

លោកថ្លែងបែបនេះធកវើឡើងក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាង១០០នាក់ដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ នៅវិទ្យាល័យក្រយា និងវិទ្យាល័យប្រាសាទបល្ល័ង្ក ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២២។

លោកអ្នកតំណាងរាស្ត្របានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ដែលបានខិតខំរៀនសូត្រក្នុងការប្រឡងយកសញ្ញាបត្រទុតិយភូមិ និងត្រូវព្យាយាមបន្ថែមទៀតនៅពេលខាងមុខ ដោយជ្រើសរើសយកចំណេះជំនាញរបស់ខ្លួនឲ្យកាន់តែខ្លាំងឡើង ទាំងសមត្ថភាព គុណភាព ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនឡើង។

ជាមួយគ្នានោះដែរ លោកក៏បានលើកទឹកចិត្តទៅដល់សិស្សានុសិស្សថា ភាពក្រីក្រមិនមែនជាឧបសគ្គក្នុងការសិក្សារៀនសូត្រនោះទេ ទោះបីក្រក៏រៀនបានដែរ ដូច្នេះសិស្សានុសិស្សត្រូវសិក្សារៀនសូត្រឱ្យបានច្រើន ដើម្បីអនាគតរបស់ខ្លួន គ្រួសារ និងសង្គមជាតិ។

លោកបានបន្តថា ការសិក្សាត្រូវផ្ដោតសំខាន់លើការស្រាវជ្រាវ ហើយការសិក្សាត្រូវមានការតស៊ូ អ្វីដែលសំខាន់ត្រូវបង្កើនសមត្ថភាពរបស់ខ្លួនជារៀងរហូត ជាពិសេសត្រូវបង្កើនការសិក្សាភាសាបរទេសឱ្យបានច្រើន ពោលគឺសិក្សាពេញមួយជីវិត។ ម្យ៉ាងទៀតក៏ត្រូវចេះជួយខ្លួនឯងមុនឲ្យអ្នកដទៃជួយ ហើយនៅទីណាក៏អាចរៀនបានដែរ និងត្រូវមានការទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងជុំវិញខ្លួនឱ្យចំទិសដៅ។

នាឱកាសនោះ លោក ជា អឿន បានឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូចំនួន៦៧នាក់ ដោយក្នុងមួយនាក់ទទួលបានសារុង១ ថវិកា៥ម៉ឺនរៀល និងសិស្សានុសិស្សចំនួន១៥៥នាក់ ដោយក្នុងមួយនាក់ទទួលបានសៀវភៅ និងថវិកា២ម៉ឺនរៀល។

គួររំលឹកថា សិស្សនៅក្នុងស្រុកប្រាសាទបល្ល័ង្កមានបេក្ខជនដាក់ពាក្យប្រឡងចំនួន២៣០នាក់ (ស្រី ១៣០នាក់) បានប្រឡងជាប់ចំនួន ១៥៥នាក់ (ស្រី ៩១នាក់) ក្នុងនោះជាប់និទ្ទេស B ៥នាក់ (ស្រី ៣នាក់) និទ្ទេស C ២៧នាក់ (ស្រី ១៧នាក់) និទ្ទេស D ៥៤នាក់ (ស្រី ៣៤នាក់) និងនិទ្ទេស E ៦៩នាក់ (ស្រី ៣៧នាក់)៕