(កោះកុង)៖ ក្រោយពីទទួលព័ត៌មានថា ប្រជាពលរដ្ឋដែលរស់នៅក្នុង ភូមិ៤សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ កំពុងខ្វះទឹកប្រើប្រាស់រួចមក នៅព្រឹកថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦នេះ លោក ប៊ុន លើត អភិបាលខេត្តកោះកុង លោក ថុង ណារុង មេបញ្ជាការ អ.ហ ខេត្តនិងមន្រ្តី ក្រោមឱវាទរួមទាំងមន្រ្តីរាជការមួយចំនួនទៀត បានចុះទៅផ្តល់ទឹកជូនពួកគាត់ប្រើប្រាស់ជាបន្ទាន់។

លោក ប៊ុន លើតបានប្រាប់ទៅបងប្អូនទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពគ្រប់គ្នាព្រោះអាកាសធាតុប្រែប្រួលរាល់ថ្ងៃជាពិសេស កូនតូចៗហើយការប្រើប្រាស់ទឹកត្រូវចេះសន្សំសំចៃ ព្រោះទឹកក្នុងឆ្នាំនេះពិតជាមានភាពរីងស្ងួតមែន គឺខ្វះទឹកគ្រប់ខេត្តមិនថាតែ ខេត្តកោះកុងយើងទេ។

 លោក ប៊ុន លើត អភិបាលខេត្តបានបន្តថា ទឹកដែលក្រុមការងារផ្តល់ជូននាពេលវាមិនគ្រប់គ្រាន់មែន តែវាអាចដោះស្រាយបានមួយកំរិត ផងដែរ ពីព្រោះក្រុមការងារយើងនិងធ្វើការផ្តល់ទឹកនៅកន្លែងផ្សេងទៀតដែលកំពុង ខ្វះទឹកប្រើប្រាស់ដែរ តែក្រុមការងារនៅតែរង់ចាំទទួល ព័ត៌មាន គ្រប់ពេលវេលាពីប្រជាពលរដ្ឋគ្រប់ពេលវេលា នៅពេលបងប្អូនជួបបញ្ហាហើយក្រុមការងារ ត្រូវចុះជាបន្ទាន់ឲ្យដល់គោលដៅ ដើម្បីជួយបងប្អូនឲ្យទាន់ពេលវេលា។

សម្រាប់ថ្ងៃនេះលោកបានផ្តល់ទឹកជូនប្រជាពលរដ្ឋរស់ភូមិ៤ សង្កាត់ដងទង់ ចំនួន១២៧៨គ្រួសារ ហើយក៏ជាលើកទី២ផងដែរ សម្រាប់ភូមិខាងលើនេះ៕