(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុង រោងវិបស្សនា រួមនឹងបុណ្យផ្កាសាមគ្គី នៅវត្តសិរីឧត្តមស្រះជុំ (ហៅវត្តអណ្តូងក្តី) ស្ថិតនៅភូមិសាមគ្គី ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងនោមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត លោកឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំ មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកត្បូងឃ្មុំ សប្បុរសជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើកុះករ។

នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា សន្តិភាពដែលយើងទទួលបានសព្វថ្ងៃនេះ គឺឆ្លងកាត់ការពលីអាយុជីវិតរបស់ឥស្សជនជាច្រើនរូប ដូច្នេះយើងទាំងអស់គ្នា ត្រូវរក្សាសន្តិភាពនេះឲ្យបានគង់វង្ស ដើម្បីឲ្យប្រទេសយើងមានការអភិវឌ្ឍន៍រីកចម្រើនបន្តទៅមុខទៀត។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងប្រាប់លោកតាលោកយាយ ឲ្យដឹងទៀតថា បើយោងតាមការវិភាគ របស់អ្នកសេដ្ឋកិច្ចអន្តរជាតិ ប្រសិនបើប្រទេសយើងមានសន្តិភាព ស្ថិរភាពនយោបាយនោះនៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនឹងមានជីវភាពមធ្យម និងនៅឆ្នាំ២០៥០ ប្រទេសកម្ពុជាយើងនឹងក្លាយជាប្រទេសអ្នកមាន តាមរយៈការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ធ្វើអោយមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

ជាចុងក្រោយ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់កុំភ្លេចទៅ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខទាំងអស់គ្នា នឹងបន្តអនុវត្តន៏ឲ្យបានខ្ជាប់ខ្ជួន តាមវិធានការ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលកម្ពុជា ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ និងបានផ្តល់ជូនប្រជាពុទ្ធបរិស័ទជាង៦០០នាក់ដែលបានចូលរួមក្នុងម្នាក់ក្រមា០១ និងថវិកាមួយចំនួនផងដែរ។

បើតាមការឲ្យដឹង ពីលោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ វត្តសិរីឧត្តមស្រះជុំ (អណ្ដូងក្តី) កសាងឡើងក្នុងឆ្នាំ ១៨៥៥ មកម៉្លេះ ដោយមានព្រះសង្ឃ គង់នៅ ចំនួន ៣៩ អង្គ/នាក់ (ភិក្ខុចំនួន ៧ អង្គ សាមណេរ ៣២ អង្គ សិស្សស្នាក់នៅរៀនសូត្រ ០៨រូប) ឆ្លងកាត់ ព្រះចៅអធិការវត្ត ចំនួន ៨ ព្រះអង្គ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានព្រះគ្រូចៅអធិការ ព្រះនាម ហ៊ុត គឹមហ៊ាង បន្តការថែរក្សា ស្ថាបនា និងកសាងនូវសមិទ្ធផលនានាជាច្រើនទៀត៕