(ភ្នំពេញ)៖ នាឱកាសឈប់សម្រាកនិងដើរកម្សាន្តសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាជនសូមមានការប្រុងប្រយ័ត្នចំពោះអូមីក្រុង (Omicron) ដែលជាប្រភេទជំងឺកូវីដ១៩បំប្លែងថ្មី ខណៈនៅក្នុងសហគមន៍កំពុងបន្តរាលដាលមិនទាន់ថយចុះនៅឡើយ។
ការថ្លែងអំពាវនាវយ៉ាងដូច្នេះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសប់នៃផ្លូវតភ្ជាប់ពីស្ពានបាឡេឫស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ដើរលេងក៏ដើរចុះ តែសូមឱ្យមានការប្រុងប្រយ័ត្ន ឥលូវនេះអូមីក្រុងបានឆ្លងតាមបណ្ដាខណ្ឌក្នុងរាជធានីភ្នំពេញ។ ឥលូវនេះការនាំចូលគឺមានចំនួនតិច ឆ្លងក្នុងសហគមន៍គឺមានចំនួនច្រើន»។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យប្រជាជនបន្តអនុវត្តវិធានការ «៣-ការពារ ៣-កុំ» ឱ្យបានខ្ជាប់ខ្ជួន គួបផ្សំជាមួយនឹងការចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសទៅតាមពេលកំណត់ ទើបអាចធានាបាននូវការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ។
សម្ដេចតេជោបានបន្តទៀតថា នៅកម្ពុជាបច្ចុប្បន្ន ជំងឺកូវីដ១៩ប្រភេទបំប្លែងថ្មីដែលតា (Delta) និងអាល់ហ្វា (Alpha) គឺបានទប់ស្កាត់អស់ហើយ នៅសល់តែប្រភេទអូមីក្រុង (Omicron)។ អូមីក្រុង ទោះបីវាមិនសម្លាប់មនុស្ស ប៉ុន្តែវាឆ្លងលឿន ដែលមកដល់ពេលនេះមានជាង៨០០ករណី ក្នុងនោះក៏មានជាខ្លះដែរ ហើយក្រសួងសុខាភិបាលបានអនុញ្ញាឱ្យព្យាបាលនៅតាមផ្ទះ៕