(ភ្នំពេញ)៖ ប្រធានគណប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនបានរើសអើងប្រជាពលរដ្ឋនោះឡើយ គេអាចមើលឃើញច្បាស់ក្នុងពេលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។

ការបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀត ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសប់នៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា ក្នុងរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្តជាមួយប្រជាពលរដ្ឋរួមគ្នាប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩ ដោយមិនទុកឱ្យនរណាម្នាក់អត់មានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់នោះទេ ប៉ុន្តែ លើកលែងតែបុគ្គលនោះមិនចង់ចាក់វ៉ាក់សាំង។

សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «ហើយខ្ញុំនឹងបន្តជាមួយជនបងប្អូនជនរួមជាតិនូវការរួមគ្នាប្រយុទ្ធជាមួយនឹងជំងឺកូវីដ១៩ ដោយមិនទុកឱ្យនរណាមួយអត់វ៉ាក់សាំងចាក់លើកលែងតែអ្នកឯងមិនចង់ចាក់ ប៉ុន្តែ វ៉ាក់សាំងធានា ហើយនេះជាចំណុចដែលគូសបញ្ជាក់ថា គណបក្សប្រជាជនគ្មានការរើសអើងណាមួយសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួនទេ តាមរយៈការផ្តល់វ៉ាក់សាំង យើងមិនបានសួរប្រជាពលរដ្ឋដែលមកទទួលវ៉ាក់សាំង ថាអ្នកឯងចូលគណបក្សណានោះទេ ដឹងតែមករកវ៉ាក់សាំងគឺចាក់ ដឹងថាកើតជំងឺកូវីដ១៩ គឺផ្តល់ការព្យាបាល […] អញ្ចឹងទេគេបានឃើញហើយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនបានរើសអើងប្រជាជនណាមួយចំណុចនេះគេបានឃើញនៅក្នុងដំណាក់នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩...!»

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ចំណុចនេះប្រជាជន និងសាធារណមតិទាំងអស់បានឃើញនៅក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនៃជំងឺកូវីដ១៩ តាមរយៈការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋទាំងអស់ ដោយមិនបានសួរនាំថា ប្រជាពលរដ្ឋដែលមកទទួលវ៉ាក់សាំងនេះ មកពីខាងគណបក្សណាមួយនោះទេ អ្វីជាកិច្ចការសំខាន់បំផុត គឺផ្តល់វ៉ាក់សាំងជូនពួកគាត់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋនៅលើដែនដីកម្ពុជា ពីជំងឺរាតត្បាតមួយនេះ។

បន្ថែមពីនេះ ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានចោទសួរថា «តើគណបក្សនយោបាយដទៃ បានឆ្លងកាត់ដំណាក់កាលនេះហើយ ឬនៅហើយបណ្តាគណបក្សមានចំនួនរាប់សិប គណបក្សដែលកំពុងធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា បានទទួលវ៉ាក់សាំងហើយ ឬនៅ ខ្ញុំដឹង អ្នកខ្លះអត់ទទួលវ៉ាក់សាំងចិនទេ ទៅទទួលវ៉ាក់សាំងអាមេរិក អ្នកខ្លះនៅសៀមរាប បើកឡានទៅចាក់នៅព្រៃវែង ខ្ញុំដឹង ប៉ុន្តែ ខ្ញុំអត់ថាអីទេ លោកឯងចង់ទៅចាក់ឯណា ព្រោះខ្ញុំចាត់ទុកថាប្រទេសកម្ពុជាទាំងមូលអត់មានខណ្ឌរបងនោះទេ»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គណបក្សដទៃ ដែលមានកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា បានបង្ហាញពីកាយវិការមិនមានការរើងអើងនេះហើយ ឬនៅ ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចសព្វថ្ងៃ ហើយនេះជាចំណុចដែលត្រវមើលឃើញនៅពេលខាងមុខ មេភូមិ មេឃុំ ក្រុមប្រឹក្សាសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ដែលនៅតាមមូលដ្ឋាន ក៏មិនបានរើសអើងនោះដែលចំពោះការមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងពីការគេចវេសពីសំណាក់ប្រជាពលរដ្ឋមួយចំនួនតូចមិនព្រមទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប៉ុន្តែ បន្ទាប់ពីមានអ្នកជំងឺស្លាប់ដោសារជំងឺកូវីដ១៩នេះ អ្នកទាំងនោះបាននាំទាំងគ្រួសារមកទទួលវ៉ាក់សាំង។ ដូច្នេះ ការការពារខ្លួនពីជំងឺកូវីដ១៩ គឺចំណុចចាប់ផ្តើមចេញពីមនុស្សម្នាក់ៗ មានភាពម្ចាស់ការដោយខ្លួន បូករួមទាំងការអនុវត្តតាមវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន។

យោងតាម «ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១» ដែលដាក់ចេញកាលពីខែឧសភា ឆ្នាំ២០២១ គឺរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវផែនការស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ឱ្យរួចរាល់នៅឆ្នាំ២០២២ ខាងមុខនេះ។

ទោះជាយ៉ាងនេះក្តីវ៉ាក់សាំងតែមួយមុខនឹងមិនអាចបញ្ចប់ការឆ្លងរាតត្បាតជាសកលនៃជំងឺនេះឡើយ។ ការបន្តអនុវត្តន៍វិធានការសុខភាពសាធារណៈ ដើម្បីទប់ស្កាត់ការចម្លងជំងឺនេះនៅតែចាំបាច់ ដូចជាការធ្វើតេស្ត ការគោរពវិធានការចត្តាឡីស័ក ការពាក់ម៉ាស់ ការលាងសម្អាតដៃ និងការរក្សាគម្លាតសុវត្ថិភាពជាដើម៕