(កំពុងចាម)៖ មជ្ឈមណ្ឌលជាតិកំចាត់ជំងឺរបេង និងហង់សិនរបស់កម្ពុជា រួមនឹងអង្គការជាដៃគូនានា ពិសេសអង្គការសុខភាពលោក បានរៀបចំទិវាជំងឺហង់សិនឫទិវាឃ្លង់ ពិភពលោកឆ្នាំ២០២២ នៅភូមិត្រើង ឃុំមីន ស្រុកព្រៃឈ ខេត្តកំពង់ចាម ដើម្បីបង្ហាញពីការរួមគ្នាលុបបំបាត់ជំងឺហង់សិននៅកម្ពុជាឲ្យអស់ត្រឹមឆ្នាំ២០៣០។

ទិវានេះបានរៀបចំឡើងនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីសាស្រា្តចារ្យវេជ្ជបណ្ឌិត ស៊ា ហួង រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងមានការចូលរួមពី លោកវេជ្ជបណ្ឌិត ហួត ចាន់យូដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់ជំងឺរបេង និងហង់សិន និងលោកវេជ្ជបណ្ឌិត ឡាយ សម្បត្តិ អនុប្រធានមជ្ឈមណ្ឌលជាតិកំចាត់ជំងឺរបេង និងហង់សិន និងជាប្រធានកម្មវិធីជាតិកម្ចាត់ជំងឺហង់សិន និងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើនរួមទៀតផងដែរ។

លើកឡើងនាឱកាសនោះសាស្រា្តចារ្យវេជ្ជបណ្ឌិត ស៊ា ហួង បានបញ្ជាក់ថា ជំងឺហង់សិននេះជាបញ្ហាសង្គមមួយហើយ ដែលបានកើតមានឡើងជាយូរមកហើយដូចនេះ ដើម្បីលុបបំបាត់ជំងឺនេះបានទំាងស្រុងនៅឆ្នាំ២០៣០ យើងទំាងអស់គ្នាត្រូវរួមសហការគ្នា ដើម្បីរួមគ្នាគិត រួមគ្នាធ្វើឱ្យបានប្រសិទ្ធភាពខ្ពស់ទើបអាចជោគជ័យ តាមផែនការគ្រោងទុក។

លោកវេជ្ជបណ្ឌិត ឡាយ សម្បត្តិ បានបញ្ជាក់ថា សម្រាប់ជំងឺឃ្លង់ ជំងឺហង់សិននេះ នៅក្នុងប្រទេសកម្ពុជាមានអត្រាថយចុះជាបន្តបន្ទាប់គិតត្រឹមឆ្នាំ២០២១នេះ នៅសល់ត្រឹម៣៨% ហើយមជ្ឈមណ្ឌលជាតិកំចាត់ជំងឺរបេង និងហង់សិន បានផ្តល់ថ្នាំបង្ការឱ្យអ្នកដែលបានប៉ះពាល់អ្នកជំងឺហង់សិន ដើម្បីកាត់ផ្តាច់ការចម្លង របស់ជំងឺឃ្លង់ជំងឺហង់សិន ដែលបានររស់នៅក្បែរខ្នងផ្ទះអ្នកជំងឺ។

បើតាមយុទ្ទសាស្រ្ត របស់មជ្ឈមណ្ឌលជាតិកំចាត់ជំងឺរបេង និងហង់សិន បានខិតខំស្វែងរករណីថ្មីយកមកព្យាបាលឲ្យទាន់ពេលវេលា ដើម្បីបង្ការភាពពិការ ហើយនៅក្នុង មជ្ឈមណ្ឌលតាមសហគមន៍ ក៏មានថ្នាំព្យាបាលជំងឺ ហង់សិន ជាមួយរយភាគរយខ្ពស់ផងដែរ ។

ពលរដ្ឋដែលកើតជំងឺហង់សិន បានបញ្ជាក់ប្រាប់ពីរោគសញ្ញា និងអាការៈ របស់ជំងឺហង់សិន ថា ជំងឺនេះមានបញ្ហាស្ពឹកនៅលើស្បែក អាចបង្កឲ្យរីកស្នាមបំបៅធំទៅៗ នៅលើស្បែក ហើយមិនបង្កការឈឺចាប់នោះទេ ប៉ុន្តែទុកយូរៗទៅ អាចពិការកម្បុតម្រាមដៃកម្បុតម្រាមជើង ដូចនេះពួកគាត់សូមសំណូមពរឱ្យប្រជាពលរដ្ឋសូមកុំរើសអើង និងស្អប់ខ្ពើម ឬមើលងាយអ្នកកើតជំងឺហង់សិន៕