Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានសាខាកាំកុងត្រូល ខេត្តប៉ៃលិន បន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យ គុណភាពទំនិញ នៅតាមទីផ្សារក្នុងខេត្តប៉ៃលិន

28-04-2016 11:07

(ប៉ៃលិន)៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តប៉ៃលិន បានឲ្យដឹងថា មន្ត្រីសាខាកាំកុងត្រូល សហការជាមួយមន្ត្រី ពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃទី២៨​ ខែមេសានេះ បន្តយុទ្ធនាការចុះត្រួតពិនិត្យគុណភាពទំនិញ នៅតាមផ្សារនានាក្នុងខេត្តប៉ៃលិន និងចុះណែនាំដល់អាជីវករ ពលរដ្ឋ សិស្សានុសិស្ស ឲ្យយល់ដឹង ពីការប៉ះពាល់ដល់សុខភាព តាមរយៈមុខទំនិញយកមកបរិភោគ ឬប្រើប្រាស់ ខូចគុណភាព និងផុតថ្ងៃបរិច្ឆេទផងដែរ។

លោក សាន វិជ្ជាសារ៉ាវុធ បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៨ ខែមេសានេះថា ការចុះត្រួតពនិត្យតាមផ្សារនានានេះ គឺដើម្បីរឹតបន្តឹងនៅការចរាចរណ៍ ទំនិញដែលប៉ះពាល់ខុសភាពប្រជាពលរដ្ឋ កុំឲ្យកើតមានឡើងនៅក្នុងទឹកដីខេត្តប៉ៃលិន និងក៏ដូចជាការ ហៀរចូលទៅខេត្តនានាផ្សេងទៀត។

អាជីវករដែលកំពុងលក់ដូរ ក្នុងផ្សារព្រុំ ខេត្តប៉ៃលិន បានបញ្ជាក់ថា ពួកគាត់សូមកោតសរសើរ ដល់មន្ត្រីកាំកុងត្រូលខេត្តប៉ៃលិន ដែលតែងតែចុះពិនិត្យទំនិញ ក្នុងផ្សារលក់ដូររបស់ពួកគាត់ ដែលនេះ ជាការជួយដល់អាជីវករ ឲ្យបានយល់ដឹងពីទំនិញខូចគុណភាព ទំនិញមានប្រើជាតិគីមី និងហួសកាលបរិច្ឆេទជាដើម ដើម្បីការពារផលប៉ះពាល់ ដល់សុខភាពរបស់ប្រជាពលរដ្ឋ តាមរយៈការទទួលទាន និងប្រើប្រាស់ផលិតផលទាំងនោះ៕