លោក ប៉ា សុជាវង្ស ដឹកនាំមន្រ្តីអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពមន្រ្តីអាវុធហត្ថ លោក ទៀង ករុណា ដែលត្រូវក្រុមគ្រឿងញៀនបាញ់ស្លាប់
28-04-2016 10:57
(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាវង្ស នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីក្រោមឱវាទមួយចំនួន អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ សពមន្រ្តីអាវុធហត្ថលោក ទៀង ករុណា នាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដែលត្រូវបានក្រុមជួញដូរគ្រឿងញៀន បាញ់ស្លាប់កាលពីម្សិលមិញ។
លោក ប៉ា សុជាតិវង្ស បានចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារសពរបស់មន្រ្តី កងរាជអាវុធហត្ថ ដែលបានទទួលមរណភាព ដោយសារការបាញ់រះសំណាក់ក្រុមជួញដូរគ្រឿងញៀន ក្នុងពេលចុះប្រតិបត្តិការ បង្រ្កាបការដូរគ្រឿងញៀនដ៏ធំ និងកក្រើករាជធានីភ្នំពេញ នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក នាល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ។
លោកអភិបាលក្រុង សូមឧទ្ទិស ដល់ដួងវិញ្ញាណក្ខន្ធ លោក ទៀង ករុណា បានចាប់បដិសន្ធិ ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស បានចូលបុណ្យសព ចំនួន១០លានរៀល និងឧបត្ថម្ភ មន្រ្តីអាវុធហត្ថដែលរងរបួស២នាក់ ម្នាក់ៗ១លានរៀលផងដែរ៕