(វ៉ាស៊ីនតោន)៖ ចិនទទួលបានជោគជ័យ ក្នុងការបាញ់សាកល្បងមីស៊ីល ឆ្លងទ្វីបល្បឿនលឿនជាងសំឡេង ដោយការសាកល្បងនោះ ត្រូវបានធ្វើឡើងកាលពីសប្ដាហ៍មុន ដោយបាញ់ចេញពីតំបន់ Wuzhai ស្ថិតនៅកណ្ដាលប្រទេសចិន និងធ្លាក់នៅភាគលិចនៃប្រទេស នេះបើយោងតាមរបាយការណ៍របស់ភ្នាក់ងារសម្ងាត់ក្រុងវ៉ាស៊ីនតោ បានចុះផ្សាយនៅលើគេហទំព័រ Washington Free Beacon និងត្រូវបានចេញផ្សាយបន្តដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមេសា។
មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប បានឲ្យដឹងថា ចិនបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបល្បឿនលឿនជាងសំឡេងកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ដោយព័ត៌មាននេះ ត្រូវបានរដ្ឋាភិបាលចិនលាក់យ៉ាងកំបាំងបំផុត ប៉ុន្តែផ្ដាយរណបអាមេរិក បានចាប់សញ្ញាបាន ហើយយោងតាមការវិភាគ គឺជាអាវុធថ្មី ដែលចិនទើបនឹងផលិត។
នៅក្នុងរបាយការណ៍ក៏បានបញ្ជាក់បន្ថែមទៀតថា មីស៊ីលឆ្លងទ្វីបល្បឿនលឿននេះ មានមានលទ្ធភាពអាចធ្វើដំណើរបានក្នុងលឿនរាប់ពាន់ គីឡូម៉ែត្រក្នុងមួយម៉ោង។
ពាក់ព័ន្ធនឹងព័ត៌មាននេះផងដែរ ត្រូវបានអ្នកនាំពាក្យរបស់រដ្ឋាភិបាលក្រុងប៉េកាំង បានច្រានចោល ហើយបានវាយបកទៅកាន់អាមេរិក វិញថា ជាការចោទប្រកាន់ដោយគ្មានភស្ដុតាង ក្នុងគោលដៅវាយប្រហារ បង្ខូចកេរ្តិ៍ឈ្មោះ៕