Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ពិចារណាក្នុងការបិទទឹកទន្លេសាប ដើម្បីទប់ទល់ចំពោះបញ្ហាខ្វះទឹក

28-04-2016 10:46

(ភ្នំពេញ)៖ ឆ្លើយតបចំពោះបញ្ហារាំងស្ងួត ដែលកំពុងមាននាពេលបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា កម្ពុជាកំពុងពិចារណាក្នុងការបិទទឹកទន្លេសាប ដើម្បីត្រៀមទប់ទល់នឹងបញ្ហាខ្វះទឹក។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ ដែលធ្វើឡើងបន្ទាប់ពីមានសំណើ និងការផ្តល់យោបល់របស់ប្រជាពលរដ្ឋ តាមរយៈបណ្តាញសង្គម Facebook ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «មានអ្នកចូលមកផ្តល់យោបល់ថា សម្តេច ! គួរតែមានទ្វារទឹកបិទទន្លេសាប អត់អីទេ! ទទួលយកមកគិត គាត់ថា “សម្តេចបិទទន្លេសាបតែម្តង ពេលដែលទឹកចូល ហើយពេលទឹករកចេញបិទតែម្តង»

សម្តេចបានបន្ថែមថា «នៅលើ Facebook របស់ខ្ញុំ ពេលគាត់ចូលមក Comment ខ្ញុំបានមើល ប៉ុន្តែយើងក៏យកមកគិតដែរ ពីព្រោះនៅចិនគេបិទទន្លេឡានឆាង ហើយពេលដែលខ្វះទឹកគេចចាប់ផ្តើមទម្លាក់ ក្នុងនោះមានការទម្លាក់មកអាងទន្លេមេគង្គ៣ដងរួចមកហើយ អញ្ចឹងអាចថាជាគំនិតមួយ អាចថាជាគំនិតផ្តួចផ្តើម ក្នុងការសិក្សា»

នៅឆ្នាំ២០១៦នេះ ប្រទេសកម្ពុជា បានជួបនឹងបញ្ហាគ្រោះរាំងស្ងួត ដោយតំបន់មួយចំនួនប្រឈមនឹងបញ្ហាខ្វះទឹក។ ជាមួយគ្នារាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធនាគារមួយ ដើម្បីចែកទឹកជូនប្រជាពលរដ្ឋ ដោយអំពាវនាវឱ្យចូលរួមពីភាគីនានា។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា យុទ្ធនាការដ៏កម្រនេះ នឹងមិនបញ្ឈប់នោះទេ ហើយត្រូវបង្កើនឡើងឱ្យខ្លាំងក្លាថែមទៀត រហូតដល់ប្រជាពលរដ្ឋបានទឹកប្រើប្រាស់គ្រប់គ្រាន់ឡើងវិញ៕