(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ខមន្រ្តីនៃកម្ពុជា បានចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារសពរបស់មន្រ្តី កងរាជអាវុធហត្ថ ដែលបានទទួលមរណភាព ដោយសារការបាញ់រះសំណាក់ក្រុមជួញដូរគ្រឿងញៀន ក្នុងពេលចុះប្រតិបត្តិការ បង្រ្កាបការដូរគ្រឿងញៀនដ៏ធំ និងកក្រើករាជធានីភ្នំពេញ នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក នាល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ។
ជាមួយនឹងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចតេជោ ហ៊ុនសែន បានសម្តែងនូវការសោកស្ដាយ និងអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ លោក ទៀង ករុណា ជានាយរងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលកន្លងមករូបលោកបានបំពេញតួនាទីការពារ បម្រើសន្តិសុខ សណ្តាប់ធ្នាប់ និងបានធ្វើសកម្មភាពមនុស្សធម៌ជាច្រើន ជួយដល់ប្រជាជន ពោរពេញដោយស្នាដៃ និងគុណតម្លៃយ៉ាងធំធេងជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ សម្ដេចតេជោ សូមឧទ្ទិស ដល់ដួងវិញ្ញាណក្ខន្ធ លោក ទៀង ករុណា បានចាប់បដិសន្ធិ ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សម្តេចតេជោ បានមានប្រសាសន៍បែបនេះ ខណៈដែលសម្តេចចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ ធនធានមនុស្ស នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ៕