(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ បានទទួលជួបសវនាការ និងអំណោយមនុស្សធម៌ពីវត្ដសារាវ័នតេជោ ដែលដឹកនាំដោយប្រធានកម្មវិធីព្រះពុទ្ធសាសនា និងសេចក្ដីសុខតាមវិទ្យុជាតិ គង់នៅវត្ដសារាវ័នតេជោ ព្រះគ្រូគម្ពីរវិសុទ្ឋិ ជា សុមាលា និង ព្រះមហា យ៉ែម សុខហេង គង់នៅកុដិលេខ ៣៥ ដែលប្រព្រឹត្ដទៅនៅការិយាល័យ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត នាទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងជំនួបមនុស្សធម៌នោះ កាកបាទក្រហមទទួលនូវអំណោយមនុស្សធម៌ ពីវត្ដសារាវ័នតេជោ នូវទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ សម្រាប់ជួយប្រជាជន ដែលជួបការលំបាកគ្រប់រូបភាព គ្រោះមហន្តរាយនានា ជនពិការ ចាស់ជរា ស្ដ្រីមេម៉ាយ និងកុមារកំព្រាជាដើម។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថា «ចំពោះអំណោយក្នុងថ្ងៃនេះ យើងយកទៅប្រើប្រាស់ ប្រកបដោយតម្លាភាព ជាពិសេសជួយដល់ ប្រជាជនដែលងាយរងគ្រោះ សំខាន់គឺនៅតាមខេត្ដ ដែលទទួលរងគ្រោះរាំងស្ងួត ខ្វះទឹកប្រើប្រាស់ និងមានការជីកអណ្ដូង ជូនប្រជាពលរដ្ឋ ឲ្យបានគ្រប់គ្រាន់ រួមទាំងកង្វះខាតដទៃទៀត ដែលកាកបាទក្រហមបាននឹងកំពុង បន្ដជួយគ្រប់ពេលវេលា គ្រប់ទីកន្លែង»។
សម្ដេកិតិ្ដព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណ ដល់វត្ដសារាវ័នតេជោ ដែលបានចូលរួមចំណែក ក្នុងការជួយឧបត្ថម្ភថវិកាកន្លងមក ដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងខ្វះខាតនេះ ជាក់ស្ដែងក្នុងមួយរយៈពេលនេះ កាកបាទក្រហមកម្ពុជាគ្រប់សាខាទូទាំងខេត្ដ និងដាក់គូពាក់ព័ន្ធបាននឹងកំពុងជួយផ្ដល់ទឹកស្អាត សម្រាប់ពិសារ និងដឹកជញ្ជូនទឹកប្រើប្រាស់ ក៏ដូចជាបូមទឹកដាក់ពាងទឹក ដល់ប្រជាពលរដ្ឋជួបគ្រោះរាំងស្ងួត គ្មានទឹកប្រើប្រាស់ដ៏ពិបាកនេះ។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងបន្ដទៀតថា ពិសេសនៅថ្ងៃ៨ឧសភាខាមុខនេះ កាកបាទក្រហមកម្ពុជា នឹងប្រារពទិវា៨ឧសភា លើកទី១៥៣ ដើម្បីកៀរគរ មូលនិធិសម្រាប់ទ្រទ្រង់សកម្មភាព មនុស្សធម៌ជួយប្រជាជនជួបការលំបាកគ្រប់រូបភាព គ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដល់ប្រជាពលរដ្ឋ ជនពិការ ចាស់ជរា ស្ដ្រីមេម៉ាយ ក្មេងកំព្រារ និងបញ្ហាជាច្រើនទៀតផងដែរ៕