(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ខ្លួននឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច លើកទី៣ ប្រចាំឆ្នាំ២០១៦ លើប្រធានបទស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ កាលានុវត្តភាព និងហានិភ័យ» នៅក្នុងខែវិច្ឆិកា ខាងមុខនេះ ដើម្បីទទួលបានធាតុចូលបន្ថែម ឲ្យបានគ្រប់ជ្រុងជ្រោយ ពីមជ្ឈដ្ឋានស្រាវជ្រាវ ក្នុងការបន្តពង្រឹងស្ថិរភាព និងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ឲ្យនៅតែបន្តមានភាពរឹងមាំ និងប្រកបដោយចីរភាព។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏សូមអញ្ជើញអ្នកជំនាញ សេដ្ឋវិទូ និងអ្នកស្រាវជ្រាវ ដើម្បីធ្វើការស្រាវជ្រាវ ជុំវិញប្រធានបទខាងលើកនេះ ដោយអាចផ្ញើសំណើរស្រាវជ្រាវ ភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប (CV) មកកាន់អគ្គនាយកដ្ឋានបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា ឲ្យបានមុនថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។
លើសពីនេះ ធនាគារជាតិបានលើកឡើងថា បច្ចុប្បន្នទ្រព្យសកម្មវិស័យមីក្រូហិញ្ញវត្ថុ ត្រូវបានអភិវឌ្ឍជាលំដាប់ ដោយកើនឡើងដល់ ១៤,៦២៦ ប៊ីលានរៀល ស្មើនឹង១៨ភាគរយរបស់គ្រឹះស្ថានធនាគារ និងកំពុងផ្តល់ឥណទាន ដល់ប្រជាពលរដ្ឋប្រមាណ ២,២លាននាក់ ព្រមទាំងបានផ្តល់សេវាសន្សំ ដល់ប្រជាជនប្រមាណ១.៥លាននាក់៕