(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ បើកសវនាការជំនុំជម្រះសំណុំរឿង វាយតំណាងរាស្ត្រពីររូបមកពីគណបក្សសង្គ្រោះជាតិ។
សវនាការនេះដឹកនាំដោយលោក ហេង សុខណា ជាចៅក្រមជំនុំជម្រះ និង លោក ស៊ិន វីរៈ ជាតំណាងអយ្យការ។
ជនជាប់ចោទទាំង៣នាក់មានឈ្មោះ ចាយ សារិទ្ធ អាយុ៣២ឆ្នាំ ឈ្មោះ ម៉ៅ ហឿន អាយុ៣៤ឆ្នាំ និង ឈ្មោះ សុត វណ្ណនី អាយុ៤៥ឆ្នាំ ជាប់ចោទពីបទហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស តាមមាត្រា២១៨ និង មាត្រា៤១១នៃក្រមព្រហ្មទណ្ឌ។
ជនរងគ្រោះពីរនាក់មានលោក គង់ សភា តំណាងរាស្ត្រមណ្ឌលស្វាយរៀង និង លោក ញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលកំពង់ចាម។ ពួកគេទាំងពីរនាក់ពុំបានចូលខ្លួនមកតុលាការទេ តែមានមេធាវីតំណាង។
សូមជំរាបថា កាលពីថ្ងៃទីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បុរស៣នាក់ បានចូលមកសារភាពចំពោះមុខគណៈកម្មការស៊ើបអង្កេតក្រសួងមហាផ្ទៃ ករណីបង្ករបួសស្នាមលើអ្នក តំណាងរាស្ត្រ៕