(បាត់ដំបង)៖ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែមេសា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានចាប់ខ្លួនជនសង្ស័យដែលបានជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន៤នាក់ និងប្រមូលបានថ្នាំញៀនជាច្រើនរយគ្រាប់។
ករណីជួញដូរ និងប្រើប្រាសស់គញរឿងញៀនខាងលើរួមមាន៖ ករណីទី១ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង១២ នៅចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា បានចុះឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ មានឈ្មោះ រី ពុទ្ធា ភេទប្រុស អាយុ២៤ឆ្នាំ ដកហូតគ្រាប់ថ្នាំពណ៌ផ្កាឈូកសញ្ញា WY ចំនួន៧២គ្រាប់ ម្សៅក្រាមពណ៌ស ៩កញ្ចប់តូច។
ករណីនេះសម្ថកិច្ច បានបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅកាន់ការិយាល័យជំនាញរួចរាល់ហើយ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ករណីទី២ លោកវរសេនីយ៍ទោ សុង សុភ័ក្រ អធិការនគរបាលស្រុកភ្នំព្រឹកបានដឹកនាំកម្លាំង សហការជាមួយប៉ុស្តិ៍នគរបាលភ្នំព្រឹក បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន ក្នុងរយៈពេល២ថ្ងៃជាប់គ្នា ដោយក្នុងនោះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង២២៖៣០នាទី នៅចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតគ្រាប់ថ្នាំពណ៍ផ្កាឈូកសញ្ញាWY ចំនួន២០៨គ្រាប់ ម្សៅក្រាមពណ៌ស ៣៩កញ្ចប់តូច។
លោកវរសេនីយ៍ទោ សុង សុភ័ក្រ អធិការនគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ជនសង្ស័យឈ្មោះ គ្រី លីណា ហៅលី ភេទប្រុស អាយុ៣២ឆ្នាំ មកស្នាក់នៅបណ្តោះអាសន្នក្នុងភូមិ ឃុំខាងលើ។ ករណីនេះសមត្ថកិច្ច កំពុងកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ ទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សូមរំលឹកថា ករណីគ្រឿងញៀននេះ បាននិងកំពុងកើតឡើងជាច្រើនករណី បើទោះបីជាសមត្ថកិច្ចបានព្យាយាមចុះបង្ក្រាបយ៉ាងមុតមាំ រាល់ថ្ងៃយ៉ាងណាក៏ដោយ ជាក់ស្ដែងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែមេសា ម្សិលមិញមានករណីផ្ទុះអាវុធមួយរវាងសមត្ថកិច្ច និងក្រុមជួញដូរគ្រឿងញៀន បណ្ដាលឱ្យមានការភ្ញាក់ផ្អើលពេញមួយទីក្រុងភ្នំពេញ ហើយមន្រ្តីអាវុធហត្ថម្នាក់ត្រូវបានស្លាប់ ក្នុងពេលបំពេញការងារ៕