(ភ្នំពេញ)៖ ផ្ទះលក់សំបកកង់រថយន្ដមួយកន្លែង យីហោ «នាគមាស» ត្រូវបានអគ្គិភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោងជិត៩យប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ដែលមានទីតាំងស្ថិតនៅភូមិទ្រង់មាន់ ក្រុម១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែមករានេះ បានឲ្យដឹងថា ទីតាំងដែលត្រូវអគ្គិភ័យវាយប្រហារនេះមានម្ចាស់ឈ្មោះ តែ តេកហ៊ាង អាយុ៤២ឆ្នាំ មុខរបរលក់គ្រឿងសំណង់ ហើយប្រភេទសំណង់ដែលត្រូវឆេះនោះ ប្រភេទផ្ទះល្វែងទំហំ ៤ម៉ែត្រ គុណ១៨ម៉ែត្រ និងបានរីករាលដាលទៅផ្ទះ២ខ្នងផ្សេងទៀត។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងនគរបាលជំនាញ ប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន២១គ្រឿង ប្រើទឹកអស់៦៣ឡាន, រថយន្តក្រសួងមហាផ្ទៃ ចំនួន០៣គ្រឿង ប្រើទឹកអស់ ០៣ឡាន, រថយន្តក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន០៩គ្រឿង ប្រើទឹកអស់ ២៧ឡាន, រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រេីអស់ទឹក០៣ឡាន, រថយន្តផ្សារទំនេីប អូឡាំព្យា ចំនួន០២គ្រឿង ប្រេីទឹកអស់០៦ឡាន។
បើតាមសមត្ថកិច្ច ក្នុងហេតុការណ៍នេះ ក្រៅពីបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ គឺមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ៕