(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា នៅបច្ចុប្បន្ននេះ មានប្រជាជនកម្ពុជាចំនួន ២.២លាននាក់ ដែលកំពុងទទួលសេវាឥណទាន ខណៈ១,៥លាននាក់ ក៏កំពុងប្រើប្រាស់សេវាសន្សំ ជាមួយនឹងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលនេះបង្ហាញឲ្យឃើញពីការរីកចម្រើនរបស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។
សេចក្តីជូនដំណឹងស្តីពី ការរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំ២០១៦ របស់ធនាគារជាតិបានលើកឡើងថា បច្ចុប្បន្នទ្រព្យសកម្មវិស័យមីក្រូហិញ្ញវត្ថុ ត្រូវបានអភិវឌ្ឍជាលំដាប់ ដោយកើនឡើងដល់ ១៤,៦២៦ ប៊ីលានរៀល ស្មើនឹង១៨ភាគរយរបស់គ្រឹះស្ថានធនាគារ និងកំពុងផ្តល់ឥណទាន ដល់ប្រជាពលរដ្ឋប្រមាណ ២,២លាននាក់ ព្រមទាំងបានផ្តល់សេវាសន្សំ ដល់ប្រជាជនប្រមាណ១.៥លាននាក់។
ជាមួយគ្នានេះដែរ ធនាគារជាតិនៃកម្ពុជា គ្រោងនឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំ២០១៦ ស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ កាលានុវត្តភាព និងហានិភ័យ» ដែលគ្រោងនឹងប្រារព្ធឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីទទួលបានធាតុចូលបន្ថែមឲ្យបានគ្រប់ជ្រុងជ្រោយ ពីមជ្ឈដ្ឋានស្រាវជ្រាវ ក្នុងការបន្តពង្រឹងស្ថិរភាព និងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុឲ្យនៅតែបន្តមានភាពរឹងមាំ និងប្រកបដោយចីរភាព៕