(ភ្នំពេញ)៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស។
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រ៖
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ខមន្រ្តីនៃកម្ពុជា សូមប្រកាសចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព មន្រ្ដីកងរាជអាវុធហត្ថ ដែលត្រូវក្រុមជួញដូរ គ្រឿងញៀនបាញ់ស្លាប់ នៅល្ងាចថ្ងៃម្សិលមិញក្នុងប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនដ៏ធំនៅខណ្ឌទួលគោក។
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា នៅពេលនេះមិនទាន់ឃើញមានគណបក្សនយោបាយណាមួយចូលរួម ចែកចាយទឹកស្អាតដល់ប្រជាពលរដ្ឋនៅឡើយទេ បន្ទាប់ពីមានការអំពាវនាវដល់ទាំងមន្រ្តីរាជរដ្ឋាភិបាល, បក្សនយោបាយ និងកាកបាទក្រហម ចូលរួមចែកចាយទឹកសម្រាប់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតទឹកនៅតាមបណ្តាខេត្ត និងទីជនបទ។
* សម្តេចតេជោបានបញ្ជាក់ថា យើងនឹងប្រឹងរហូតដល់ប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់ ទើបយើងអាចបន្ធូថៃបាន ប៉ុន្តែឥឡូវនេះ នៅកាងដៃនៅឡើយទេ ហើយកាងដៃកាន់តែធំទៀត។ សម្តេចបន្តអំពាវនាវឲ្យបន្តយុទ្ធនាការចែកចាយទឹកជូនប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជានឹងធ្វើការសិក្សាដោយពិចារណា លើការបិទទន្លេសាប ដើម្បីទប់ទល់ចំពោះបញ្ហាខ្វះទឹក។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះរលកកំដៅក្នុងឆ្នាំនេះ, បញ្ហារលកកំដៅគឺជាបញ្ហាពិភពលោក ចំណែកបញ្ហាគ្រោះធម្មជាតិជាបញ្ហាក្នុងតំបន់ទាំងមូល។
* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា គណបក្សនយោបាយដទៃ នឹងចូលរួមយុទ្ធនាការចែកចាយទឹកជូនប្រជាពលរដ្ឋដែលខ្វះខាតទឹក។
* សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចទើបនឹងចុះហត្ថលេខា ដើម្បីបែងចែកភារកិច្ចក្រសួងបរិស្ថាន និងក្រសួងកសិកម្មឱ្យនៅដាច់ ដោយឡែកពីគ្នា។ សម្តេចថា ចាប់ពីពេលនេះតទៅ ក្រសួងបរិស្ថាន ត្រូវប្រគល់ដីសម្បទានដែលគ្រប់គ្រងដោយវិស័យឯកជន ទៅឱ្យក្រសួងកសិកម្ម ហើយក្រសួងកសិកម្មត្រូវប្រគល់សិទ្ធិគ្រប់គ្រងព្រៃឱ្យក្រសួងបរិស្ថាន។
* សម្តេចតេជោ ហ៊ុន សែន ព្រមានគណបក្សនយោបាយមួយចំនួន ដែលបានឆ្លៀតយកបញ្ហាគ្រោះរាំងស្ងួតនៅកម្ពុជា ដើម្បីទាញចំណេញនយោបាយ។ សម្តេចថា កន្លងមកនៅពេលដែលកម្ពុជាជួបបញ្ហាគ្រោះធម្មជាតិ ក្រុមអ្នកនយោបាយទាំងនោះតែងនិយាយថា មកពីបញ្ហាកាប់ព្រៃឈើ។ ប៉ុន្តែសម្តេចថា បញ្ហានេះមិនមែនមានតែកម្ពុជាទេ ប្រទេសផ្សេងទៀតជាពិសេសឥណ្ឌាក៏មានបញ្ហារាំងស្ងួតដូចគ្នា រហូតដល់មានមនុស្សស្លាប់ថែមទៀត។ សម្តេចពន្យល់ថា បញ្ហាគ្រោះធម្មជាតិ គឺជាបញ្ហាពិភពលោក មិនមែនប្រទេសណាមួយនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅក្នុងកម្មវិធីចែកសញ្ញាបត្រ នៅវេលាម៉ោង៩៖០២នាទី !
http://image.freshnewsasia.com/2016/001/04/fn-2016-04-28-08-51-14-3.png