(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក ក្នុងនោះយប់៦លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ រងរបួសធ្ងន់២៧នាក់ (ស្រី១៩នាក់) និងរបួសស្រាល៥២នាក់ (ស្រី៤៨នាក់) នេះបើតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៤គ្រឿង រួមមានម៉ូតូចំនួន ៦គ្រឿង, រថយន្តធុនតូច៦គ្រឿង, រថយន្តធុនធំ១គ្រឿង យានផ្សេងៗ១គ្រឿង មូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក, មិនប្រកាន់ស្តាំ១លើក (ស្លាប់ម្នាក់), ស្រវឹង១លើក (ស្លាប់២នាក់), មិនគោរពសិទ្ធិ ១លើក (ស្លាប់ម្នាក់), ប្រជែង១លើក, កត្តាយានយន្ត១លើក, បត់គ្រោះថ្នាក់ ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៥៨នាក់ (យប់៧នាក់ )។
ដោយឡែកសម្រាប់លទ្ធផលត្រួតពិនិត្យការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោកនៅម្សិលមិញនេះ សមត្ថកិច្ចនគរបាលបានរកឃើញ មធ្យោបាយល្មើស ៥,៤២១ គ្រឿង, អប់រំ ២,៤៤០ គ្រឿង, ពិន័យ ២,៩៨១ គ្រឿង ៕