(ភ្នំពេញ)៖ បញ្ហាកកស្ទះចរាចរណ៍ និងទឹកលិចជុំវិញតំបន់បឹងកក់ នឹងត្រូវកាត់បន្ថយបានប្រសើរនាពេលឆាប់ៗខាងមុខ នេះជាការលើកឡើងរបស់លោក ប៉ា សុជាតិវង្ស កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ខណៈលោកដឹកនាំ ក្រុមការងារសាលារាជធានីភ្នំពេញ សាលាខណ្ឌ សង្កាត់ មន្ទីរពាក់ព័ន្ទនានាចុះពិនិត្យការស្ថាបនាផ្លូវ និងដាក់ប្រព័ន្ធលូនៅតំបន់បឹងកក់។
ក្នុងការចុះត្រួតពិនិត្យនោះ លោក អភិបាលរាជធានី បានដោះស្រាយការងារសំខាន់ៗ បីចំណុចរូមមាន៖
១- ពិនិត្យ និងជំរុញការរៀបចំតភ្ជាប់ផ្លូវ ក្រោយសណ្ឋាគារភ្នំពេញ កាត់តាមវិហារឥស្លាម ចេញមកផ្លូវក្នុងតំបន់បឹងកក់ (ផ្លូវR4)។
២- ពិនិត្យ និងជំរុញការស្ថាបនាស្ថានីយបូមទឹកទួលគោក២ ឲ្យបានរួចរាល់មុនរដូវវស្សាខាងមុខនេះ ខណៈស្ថានីយ៍ថ្មីនេះស្ថាបនាបាន ៨០%ហើយ មានសមត្ថភាពបូមទឹករហូតដល់ ៥ម៉ែត្រគីបក្នុងមួយវិនាទី លើសពីម៉ាស៊ីនចាស់៣ដង ហើយជាកន្លែងបញ្ចេញទឹកពីតំបន់ផ្សារដេប៉ូ តំបន់៧មករា កម្ពុជាក្រោមជាដើម។
៣- ពិនិត្យ និងជំរុញការតភ្ជាប់ផ្លូវR9 និងផ្លូវR10 ដែលជាផ្លូវរំដោះចរាចរណ៍ពីតំបន់ទួលគោកទៅជ្រោយចង្វារ ឬកាល់ម៉ែត្រ។
ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងបានសប្បាយចិត្ត បន្ទាប់ពីផ្លូវទាំងនេះ និងស្ថានីយ៍បូមទឹកថ្មីរបស់យើងដាក់ដំណើរការជាស្ថាបពរ៕