(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះថា ជនដៃដល់ដែលពាក់ព័ន្ធករណីឃាតកម្មសម្លាប់មនុស្ស២នាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ត្រូវកម្លាំងនគរបាលជំនាញស្រាវជ្រាវចាប់ខ្លួនបានហើយ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការរហូតឈានដល់ចាប់បានជនដៃដល់នៅពេលនេះ ធ្វើឡើងដោយកម្លាំងនគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនាយកដ្ឋានកណ្ដាលសន្ដិសុខ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

យ៉ាងណាមិញ នៅពេលនេះកម្លាំងជំនាញកំពុងបញ្ជូនជនសង្ស័យទៅការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំ។

សូមរំលឹកថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២កន្លងទៅ មានហេតុការណ៍មួយបង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដោយប្រទះឃើញសាកសពមនុស្ស២នាក់ ស្រីម្នាក់ ប្រុសម្នាក់ ដែលត្រូវបានគេយកទៅកប់ចោលក្នុងភូមិសាស្ដ្រសង្កាត់៤ ក្រុងព្រះសីហនុ និងភូមិសាស្ដ្រឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់៕