(សៀមរាប)៖ ឆ្លើយតបទៅតាមសំណូមពរប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានដឹកនាំកម្លាំងបន្តចុះចែកចាយទឹកស្អាត ជូនប្រជាពលរដ្ឋ ដែលខ្វះខាតទឹកបរិភោគ និងទឹកប្រើប្រាស់ សម្រាប់ដាំស្លរ ដោយប្រើប្រាស់ឡានទឹក១០គ្រឿង បានដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋចំនួន៣ក្រុង-ស្រុក៖
១៖ ក្រុងសៀមរាប សង្កាត់ទឹកវិល ចំនួន៤ ភូមិស្មើនឹង៤៤៧គ្រួសារ បានមកយកទឹកអស់២២៣.៥០០លីត្រ បន្ទាប់ពីក្រុមការងារ បានតបណ្តាញទឹកស្អាត ទៅដល់មូលដ្ឋាន ចំនួន២កន្លែង។
២៖ ស្រុកពួក ឃុំមុខប៉ែន២ភូមិ សរុប៨២គ្រួសារ អត់ទឹក២ឡាន ស្មើរនឹង៨០០០លីត្រ។ ក្នុងដំណោះស្រាយនេះអាជ្ញាធរយើង ស្វែងរកទីតាំងដើម្បីជីកស្រះជូនប្រជាពលរដ្ឋ ចំនួន៤កន្លែង ក្នុងឃុំមុខប៉ែន។
៣៖ ស្រុកជីក្រែង ឃុំជីក្រែង និងឃុំស្ពានត្នោត ចំនួន២ភូមិ សរុប១៧៣គ្រួសារ អស់ទឹក៦ឡាន ស្មើនឹង៣៦.០០០លីត្រ។ ឡានដឹកទឹក ២ បន្តប្រចាំការសម្រាប់ដឹកទឹកជូនបន្ថែមទៀត ដើម្បីឆ្លើយតមតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
៤៖ ស្រុកបន្ទាយស្រី ឃុំឃុនរាម ចំនួន៣ភូមិ សរុប៖ ៥៧៤គ្រួសារ អស់ទឹក៥ឡាន ស្មើនឹង ១៣.៥៥០លីត្រ។ ឡានដឹកទឹក១ប្រចាំការ សម្រាប់ដឹកទឹក ដើម្បីឆ្លើយតមតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
មកទល់នឹងម៉ោងនេះ ៨៖០០យប់ថ្ងៃទី២៧ ខែមេសា ប្រជាពលរដ្ឋនៅមកយកទឹកនៅឡើយ៕