(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានក្រុមប្លន់ប្រដាប់អាវុធ២នាក់ ជិះម៉ូតូមួយគ្រឿង នឹងប្រើប្រាស់កាំភ្លើងខ្លីមួយដើម បានធ្វើការភ្ចង់គំរាមបាញ់សម្លាប់ ដើម្បីប្លន់យកម៉ូតូឌ្រឹមសង់២០១៣ ពណ៌ខ្មៅមួយគ្រឿង ស្លាកលេខកំពង់ចាម៖ 1L-3199 នៅជិតវត្តសំរោងអណ្តែត ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាម៉ោង១០៖០០នាទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ។
បុរសរងគ្រោះបាននិយាយប្រាប់ថា មុនមានក្រុមចោរប្រដាប់អាវុធប្លន់ យកម៉ូតូរបស់គាត់ គឺគាត់បានត្រលប់មកពីធ្វើការ ដោយជិះម៉ូតូដែលត្រូវចោរប្លន់ យកទៅបាត់នោះតែម្នាក់ឯង ក្នុងគោលបំណងទៅផ្ទះតែទៅមិនទាន់ដល់ផង ទើបតែជិះមកដល់កន្លែងកើតហេតុ ក៏លេចមុខជនល្មើស មួយក្រុមមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក MSX នឹងប្រើប្រាស់កាំភ្លើងមួយដើម បានគៀរគាត់ឲ្យឈប់រួច ដកកាំភ្លើងពីចង្កេះគំរាមបាញ់ សម្លាប់ដោយការភិតភ័យ និងពាក្យគំរាមរបស់ក្រុមចោរ បុរសរងគ្រោះក៏បានប្រគល់ម៉ូតូរបស់ខ្លួនឲ្យទៅក្រុមចោរនោះ ជិះចេញទៅបាត់ដោយសុវត្ថភាព។ បន្ទាប់ពីក្រុមចោរប្លន់យកម៉ូតូទៅបាត់ ជនរងគ្រោះ បានត្រឹមឈរអស់សង្ឃឹមតែប៉ុណ្ណោះ៕