(ភ្នំពេញ)៖ ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ដ៏កក្រើកនិងដ៏សាហាវយ៉ាងខ្លាំង នៅទឹកដីខណ្ឌទួលគោក ស្ថិតនៅផ្ទះជនល្មើសមួយកន្លែង តាមផ្លូវលេខ៣៥១ សង្កាត់បឹងកក់ទី១ រយៈពេលជាច្រើនម៉ោង នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅក្បែរកន្លែងកើតហេតុតែម្តង ពីព្រោះការបាញ់តៃដៃគ្នា រវាងក្រុមជនល្មើស និងក្រុមសមត្ថកិច្ចអាវុធហត្ថ បានលឺសូរយ៉ាងកក្រើកពេញទីនោះតែម្តង ហាក់បីដូចជាសង្គ្រាមកំពុងផ្ទុះឡើងនៅក្រុងភ្នំពេញ។
ថ្លែងប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ មន្រ្តីអាវុធហត្ថជាន់ខ្ពស់ រាជធានីភ្នំពេញ បានចេញមកបញ្ជាក់ លម្អិតពីដំណើររឿងយ៉ាងដូច្នេះថា៖
ពីដំបូងកម្លាំងអាវុធហត្ថការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនជនល្មើសចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន២នាក់។ ក្រោយការចាប់ខ្លួន និងសួរនាំរួចមកជនល្មើសទាំង២នាក់ បានសារភាព និងបានចង្អុលប្រាប់សមត្ថកិច្ច ពីផ្ទះមេក្លោងរបស់ពួកគេដែល តែងតែយកគ្រឿងញៀន សម្រាប់យកទៅចែកចាយ និងប្រើប្រាស់បន្ត គឺផ្ទះ២ជាន់ជាផ្ទះថៅកែខ្វៃជ្រូកដ៏ធំ នៅតាមផ្លូវលេខ៣៥១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
បន្ទាប់ពីដឹងថា ផ្ទះមេក្លោងគ្រឿងញៀនស្ថិតនៅចំណុចខាងលើនេះ កម្លាំងអាវុធហត្ថក្រោយពីទទួលបានការសម្របសម្រួលពីព្រះរាជអាជ្ញា បាននាំជនល្មើសទាំង២នាក់ បម្រុងចូលទៅឆែកឆេរ និងតាមបង្ក្រាបក្រុមគ្រឿងញៀន ជាមេក្លោង។ ប៉ុន្តែនៅពេលនាំជនល្មើសទាំង២នាក់ ចូលទៅដល់ផ្ទះមេក្លោងគ្រឿងញៀន មិនទាន់បានឡើងទៅជាន់លើផង (ផ្ទះ២ជាន់) ស្រាប់មេក្លោងរបស់ពួកវា ឃើញតាម Camera ក៏បើកការបាញ់រះ ជាច្រើនគ្រាប់យ៉ាងសហាវជាទីបំផុត គ្មានត្រាប្រណីមកលើកងកម្លាំងអាវុធហត្ថ រហូតត្រូវចំមន្រ្តីអាវុធហត្ថម្នាក់ ឈ្មោះ ទៀង ករុណ ជានាយរងការិយាល័យប្រឆាំងគ្រឿងញៀន បណ្តាលឲ្យស្លាប់ នៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ ហើយមន្រ្តីអាវុធហត្ថ២នាក់ទៀត បានរងរបួសដោយសារតែក្រុមគ្រឿងញៀន បាញ់តែចំអាវក្រោះការពារ (បៀមគ្រាប់ជាប់អាវក្រោះ) និងម្នាក់ទៀតបាញ់ចំភ្លៅ តែសំណាងល្អចំទូរស័ព្ទចំនួន២គ្រឿង កុំអីត្រូវរងគ្រោះបាក់ភ្លៅ។
ក្រោយមេក្លោងគ្រឿងញៀន បើកការបាញ់រះយ៉ាងសាហាវដូច្នេះ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ក៏បានចេញបញ្ជាយ៉ាងដាច់ណាត់ទៅកងកម្លាំង ឲ្យដកថយវិញ ដើម្បីរៀបចំយុទ្ធសាស្រ្ត លើការបង្ក្រាបជនល្មើសទាំងនេះ តែនៅពេលដកថយ និងធ្វើការឡោមព័ន្ធនោះ ក្រុមជនល្មើសបានបន្តបាញ់រះ ទាំងកាំភ្លើងវែង និងកាំភ្លើងខ្លី អស់ជាង៤០គ្រាប់។
ស្ថានភាពនៅទីនោះកាន់តែតានតឹងខ្លាំងឡើងៗ រហូតកម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលជាច្រើននាក់ បានមកដល់កន្លែងកើតហេតុ ដើម្បីជួយ អន្តរាគមន៍បន្ថែមលើការបង្ក្រាបក្រុមគ្រឿងញៀននេះ បង្កឲ្យមានការភ្ញាក់ផ្អើល និងភ័យតក់ស្លុតយ៉ាងខ្លាំងពីសំណាក់ ប្រជាពលរដ្ឋរស់នៅ តំបន់ក្បែរនោះ។ កម្លាំងអាវុធហត្ថក៏បានជម្លៀសប្រជាពលរដ្ឋឲ្យចេញពីផ្ទះ ដែលស្ថិតនៅក្បែរៗកន្លែងកើតហេតុដើម្បីការពារសុវត្ថិភាព។
ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង នៅកន្លែងកើតហេតុនោះ ទីបំផុតនៅវេលាម៉ោងជិត៦ ល្ងាចថ្ងៃដដែលនេះ កម្លាំងប្រតិបត្តិការ បានបញ្ចប់ទាំងស្រុង ដោយបាញ់ស្លាប់មេក្លោងគ្រឿងញៀនម្នាក់ ចាប់បាន៣នាក់ទៀត (ចាប់មុន២នាក់ និងក្រោយ៣នាក់) សរុប៥នាក់ ដកហូតរថយន្ត២គ្រឿង មួយគ្រឿងម៉ាក Audi ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-0621 និងមានបិទឡូហ្គូនគរបាលជាតិទៀតផង និងមួយគ្រឿងទៀតម៉ាក Lexus RX-300 ម៉ូតូ៤គ្រឿង, ដកហូតអាវុធវែងខ្លី៦ដើម និងថ្នាំញៀនវិញ រកឃើញតែកម្ទេចកម្ទីប៉ុណ្ណោះ ដោយសារក្រុមជនល្មើសបានបោះចូលបន្ទប់ទឹកអស់ហើយ។
សម្រាប់ជនល្មើសទាំង៥នាក់ និងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋាន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការបន្តទៀត ខណ:ដែលសពអាវុធហត្ថម្នាក់ ត្រូវរៀបចំធ្វើបុណ្យនៅទីបញ្ជាការដ្ឋានអាវុធហត្ថ និងមន្រ្តីអាវុធហត្ថ២នាក់ទៀត កំពុងសម្រាកនៅមន្ទីរពេទ្យ។
លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់មន្រ្តីអាវុធហត្ថម្នាក់ដ៏ល្អរបស់លោក នៅក្នុងប្រតិបត្តិការ បង្ក្រាបក្រុមគ្រឿងញៀននេះ ហើយលោកចាត់ទុកថា ក្រុមជួញដូរគ្រឿងញៀននេះមានចរឹកសាហាវខ្លាំងណាស់ ពោលវាមិនចុះចាញ់យើងនោះទេ គឺនៅពេលឃើញបាញ់រះតែម្តង៕