(កោះកុង)៖ លោកវរសេនីយ៍ត្រី ហិន គឹមហុង អនុប្រធាននគរបាល អន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិច្រកចាំយាម ខេត្តកោះកុង ត្រូវបានគេរាយការណ៍ថា ត្រូវជនមិនស្គាល់មុខបាញ់សម្លាប់ចោល នៅក្នុងបន្ទប់ជួលរបស់គាត់ ស្ថិតនៅស្រុកមណ្ឌលសីមា នៅវេលាម៉ោង៥៖០០នាទី ល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ ដោយមិនទាន់ដឹងមូលហេតុ។
ការសន្និដ្ឋានជាជំហានដំបូង ជនរងគ្រោះបានស្លាប់ ប្រហែល២ថ្ងៃកន្លងមកហើយ ដោយមុនដំបូងគេសង្ស័យថា ជាការបាញ់សម្លាប់ខ្លួនឯង តែក្រោយការពនិត្យជាក់ស្តែងរួចមក ឃើញថា ជនរងគ្រោះអាចត្រូវឃាតករស្គាល់គ្នា បាញ់សម្លាប់ចោលតែម្តង ដោយសារទំនាស់អ្វីមួយ។
សភាពសពជនរងគ្រោះ គេឃើញជនរងគ្រោះកាន់កាំភ្លើង ដាក់លើដើមទ្រូង ហេតុដូច្នេះសមត្ថកិច្ចអាចវាយតម្លៃថា បើធ្វើអត្តឃាត តើអាចយកកាំភ្លើងដាក់យ៉ាងដូច្នេះទៅកើត អីចឹងមានតែគេបាញ់ប្រហារ រួចហើយរៀបចំសាកសពបែបនេះ។
យ៉ាងណាក៏ដោយ នៅពេលនេះ កម្លាំងនគរបាលជំនាញខេត្តកោះកុង បាននិងកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីបំបែកសំណុំរឿងមួយនេះ៕