(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារសព របស់មន្រ្តីកងរាជអាវុធហត្ថ ដែលបានទទួលមរណភាព ក្នុងប្រតិបត្តិការបង្រ្កាប ក្រុមជួញដូរគ្រឿងញៀន នៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ។
ជាមួយនឹងទុក្ខសោកដ៏សែនក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមចូលរួមសម្ដែងនូវការសោកស្ដាយ និងអាឡោះអាល័យក្រៃលែងជាទីបំផុត ជាមួយក្រុមគ្រួសារសព និងសូមឲ្យវិញ្ញាណក្ខន្ធ នៃសពបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា នៅរសៀលថ្ងៃនេះ កម្លាំងសមត្ថកិច្ចជាច្រើននាក់ទាំងអាវុធហត្ថ និងនគរបាលបានចុះ ទៅបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀន ស្ថិតនៅផ្ទះលក់សាច់ជ្រូក តាមផ្លូវលេខ៣៥១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដែលក្រុមគ្រឿងញៀនបានលាក់ខ្លួននៅទីនោះ ស្រាប់តែបាញ់មកលើក្រុមសមត្ថកិច្ចជាច្រើនគ្រាប់ បណ្តាលឲ្យត្រូវមន្រ្តីអាវុធហត្ថម្នាក់រហូតស្លាប់ រួចហើយបានបន្តបាញ់រះជាច្រើនគ្រាប់ រហូតបង្ក្រាបក្រុមជនល្មើស ជាបន្តបន្ទាប់ចំនួន៥នាក់។ ប្រតិបត្តិបង្ក្រាបជនជួញដូរគ្រឿង ត្រូវបានបញ្ចប់នៅម៉ោងប្រមាណ ៥៖៤៥នាទីថ្ងៃទី២៧ ខែមេសានេះ។
លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានបញ្ជាក់ថា សម្រាប់សពមន្រ្តីអាវុធហត្ថដែល ត្រូវក្រុមជនល្មើសគ្រឿងញៀនបាញ់ស្លាប់នោះ ត្រូវបានយកមកធ្វើបុណ្យ នៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ខណៈជនល្មើសទាំង៥នាក់ ត្រូវបាននាំខ្លួនទៅសួរនាំបន្តទៀត៕