(បាត់ដំបង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិកាសាខាខេត្ត និងសហការី និងយុវជនកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ បាននាំយកស៊ីទែនទឹកចល័ត ចំណុះ៥០០០លីត្រ ដែលជាអំណោយរបស់ក្រុមហ៊ុនកាពីតូល ប្រគល់និងចែកទឹកជួនដល់បងប្អូន ប្រជាពលរដ្ឋជួបការលំបាក និងខ្វះខាតទឹកប្រើប្រាសខ្លាំងចំនួន២៥០ គ្រួសារក្នុងភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែខេត្តបាត់ដំបង ស្ថិតក្នុងស្ថានភាពដែលប្រជាពលរដ្ឋ កំពុងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ និងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានផ្តល់អនុសាសន៍ឲ្យសាខា អនុសាខា អនុវត្តដូចតទៅ៖

-សាខា អនុសាខា ក្រុមអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ត្រូវក្ដាប់ឱ្យបានអំពីតម្រូវការ ទឹកបរិភោគ និងប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងត្រូវចាត់វិធានការដឹកទឹកចែកជូនឱ្យបានទាន់ពេលវេលា ដោយមិនបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយសារការខ្វះទឹកឡើយ។

- សាខាត្រូវបន្តកិច្ចសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែកឲ្យអស់ពីលទ្ធភាពសាខា ក្នុងការដោះស្រាយបញ្ហាកង្វះខាតទឹក ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

- សាខា ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ ដើម្បីផ្ដល់ថ្នាំក្លរ៉ាមីនជូនប្រជាពលរដ្ឋដែលប្រើប្រាស់ ទឹកមិនស្អាត និងក្ដាប់ឱ្យបាននូវការលេចឡើងនូវជំងឺ ដែលកើតឡើងដោយសារការប្រើប្រាស់ទឹកមិនស្អាត ឬការខ្វះខាតទឹក ដោយមិនបានធ្វើអនាម័យខ្លួនប្រាណ ឱ្យបានទៀងទាត់៕