(តាកែវ)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តចាត់សហការី ចុះផ្តល់ជែលលាងដៃចំនួន ៩១១កេស (ស្មេីនឹង ១៤,៥៧៦ដប) ជូន សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ជាខេត្តទី២១ និងអនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុក ទាំង១០ នៅខេត្តតាកែវ ដើម្បីប្រើប្រាស់ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។
ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងលោក អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២។
ក្នុងឱកាសនោះ លោកស្រីបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ ជាមួយនឹងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការសាខា-អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់ ក៏ដូចជាបុគ្គលិកសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែកទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋ ជាពិសេសបានខិតខំពុះពាររួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ។
ទន្ទឹមនឹងនេះ លោកស្រីបានគូសបញ្ជាក់ថា «ការចូលរួមកម្លាំងពីប្រតិបត្តិករជួរមុខ កម្លាំងទ័ពអាវស និងកម្លាំងពហុវិស័យ ទាំងអស់ បានធ្វេីឱ្យកម្ពុជាយេីងទទួលបានភាពជោគជ័យក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ រហូតដល់សម្រេចបាននូវការបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញលើគ្រប់វិស័យ រួមជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រ នៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ , ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ-ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ជាមួយនឹងទស្សនវិស័យនៃការចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងភាពរឹងមាំនិងការវិលត្រឡប់ទៅរកមាគ៌ានៃកំណើននិងការអភិវឌ្ឍប្រកបដោយចីរភាពឡើងវិញ»។
ក្នុងឱកាសនោះដែរ លោក អ៊ូច ភា ក៏បានថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលកន្លងមក និងពេលបច្ចុប្បន្ន តែងតែបានយកចិត្តទុកដាក់គិតគូរដល់សុខភាពសាធារណៈ ជាពិសេសចំពោះសុខភាពប្រជាពលរដ្ឋ គ្រប់ពេលវេលាក្នុងពេលដែលប្រទេសជាតិយើងកំពុងតែរីករាលដាលនៃមេរោគកូវីដ-១៩ ដែលជាជំងឺជាសកល។
លោកបន្តថា «កាកបាទក្រហមកម្ពុជា តែងតែបានទំនុកបម្រុងទាំងធនធានសម្ភារៈ និងថវិកា ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ហើយក្នុងនោះសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នឹងធ្វើការបែងចែកធនធានសម្ភារៈទាំងនេះទៅដល់ដៃរបស់ប្រជាពលរដ្ឋឱ្យបានប្រើប្រាស់តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកនីមួយៗឱ្យបានទាន់ពេលវេលា ដោយមិនទុកឱ្យនៅក្នុងឃ្លាំងដោយមិនបានប្រើប្រាស់នោះទេ»។
គួររំលឹកដែរថា ជែលលាងដៃខាងលេីនេះ ជាអំណោយរបស់ ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ដែលប្រគល់ជូនកាកបាទក្រហមកម្ពុជា ជំហានទី២ ចំនួន ១៦,២០០កេស (ស្មើនឹង ២៥៩.២០០ដប) កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២កន្លងទៅ។
សូមជម្រាបផងដែរថា បន្ទាប់ពីកម្មវិធីប្រគល់ និងទទួលជែលរួច នៅថ្ងៃដដែលនោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី «ផែនការអភិវឌ្ឍសាខា២០២១-២០២៥ តាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ»៕