(ស្ទឹងត្រែង)៖ អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានដាស់តឿនណែនាំបន្ថែមដល់មន្ត្រីក្រោមឱវាទត្រូវបង្កើនការយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ពន្ធ ការពារធនធានធម្មជាតិ និងផ្ដល់សេវាសាធារណៈជូនប្រជាជនឱ្យបានប្រសើរ ពិសេសត្រូវពង្រឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ការណែនាំនេះធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តស្ទឹងត្រែងប្រចាំខែមករា ឆ្នាំ២០២២ និងលើកទិសដៅភាកិច្ចបន្ត នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ដែលមានការចូលរួមពីសំណាក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន-អនុប្រធានមន្ទីរ អភិបាល-អភិបាលរងក្រុងស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោកអភិបាលខេត្ត ស្វាយ សំអ៊ាង បានក្រើនរំលឹកដល់បណ្តាមន្ទីរ-អង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាន និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋទូទាំងខេត្ត និងត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀតលើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅតាមក្រុង ស្រុក និងទប់ស្កាត់បង្ក្រាបបទល្មើសព្រៃខុសច្បាប់គ្រប់រូបភាព និងការពារឲ្យបាននូវធនធានធម្មជាតិ។

លោកបានបញ្ជាក់ថា រដ្ឋបាលខេត្តស្ទឹងត្រែងបានដាក់ចេញនូវផែនការសំខាន់ៗមួយចំនួនរួចហើយ ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ ដូច្នេះមន្ត្រីដែលជាអ្នកបម្រើប្រជាពលរដ្ឋត្រូវយកផែនការទាំងនោះមកអនុវត្តបម្រើប្រជាពលរដ្ឋឱ្យបានគាប់ចិត្ត។

លោកអភិបាលខេត្តបានបន្តថា តាមរយៈត្រួតពិនិត្យរបាយការណ៍ឃើញថា ការអនុវត្តតួនាទីភារកិច្ចការងាររបស់បាលខេត្តស្ទឹងត្រែង និងវឌ្ឍនភាពការងាររបស់មន្ទីរអង្គភាពនានាជុំវិញខេត្ត រួមទាំងកងកម្លាំងប្រដាប់អាវុធមានភាពល្អប្រសើរ។ តាមរយៈការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធបានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ពិសេសប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុវត្តិភាព និងមានជីវភាពល្អប្រសើរ។

លោក ស្វាយ សំអ៊ាង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរស្រុក-ក្រុង ឃុំ-សង្កាត់ និងមន្ទីរ-អង្គភាព រួមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលបានខិតខំអនុវត្តតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធភាពក្នុងការចូលរួមគាំទ្រគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩កន្លងមក ថែមទាំងចូលក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុខសន្តិភាព ការបម្រើសេវាសាធារណៈបានល្អ និងបានកសាងសមិទ្ធផលនានានៅតាមមូលដ្ឋានលេចជារូបរាង្គ ដែលជាការរួមចំណែកឲ្យខេត្តស្ទឹងត្រែងមានភាពរីកចម្រើន៕