(កំពង់ធំ)៖ ក្នុងឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានចូលរួមកសាងសមិទ្ធផលសំខាន់ៗជាច្រើនក្នុងវិស័យសាធារណការ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ទោះបីមានការរំខានពីវិបត្តិជំងឺកូវីដ១៩យ៉ាងណាក្ដី។ នេះបើតាមលោក ជូ កុល្លា ប្រធានមន្ទីរសារធារណការខេត្តកំពង់ធំ ដែលបានថ្លែងប្រាប់ភ្នាក់ងារ Fresh News នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ។

ប្រធានមន្ទីរសារធារណការខេត្តកំពង់ធំបានឱ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់ថវិកាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្នុងនោះមន្ទីរសារធារណការខេត្តកំពង់ធំបានកសាងក្នុងឆ្នាំ២០២១កន្លងមក មានផ្លូវថ្នល់ និងប្រព័ន្ធរំដោះទឹកកខ្វក់និងរំដោះទឹកភ្លៀងជាដើម។

តាមការបញ្ជាក់របស់លោក ជូ កុល្លា បានឲ្យដឹងថា ក្នុងឆ្នាំ២០២១ មន្ទីរសាធារណការខេត្តបានចូលរួមកសាងសមិទ្ធផលសំខាន់ៗជាច្រើនក្នុងវិស័យសាធារណការ និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន គម្រោងស្ថាបនានិងជួសជុល ដោយសម្រេចស្ថាបនានិងជួសជុលផ្លូវវាងប្រាសាទសំបូរព្រៃគុក
ដែលមានប្រវែង១៥.៥០គីឡូម៉េត្រ និងទទឹង១០ម៉ែត្រ បានរួចរាល់ជាស្ថាបពរ បានស្ថាបនាផ្លូវខេត្តផ្លូវលេខ២៦៤G ស្ថិតក្នុងស្រុកស្ទោង ដែលមានប្រវែង៨.៥០គីឡូម៉េត្រ និងទទឹង១០ម៉ែត្រ និងផ្លូវ២៦៤ ស្ថិតក្នុងស្រុកតាំងគោក ដោយអនុវត្តបានប្រវែង៧គីឡូម៉ែត្រ ប្រភេទក្រាលកៅស៊ូ DBST រួមជាមួយដាក់ប្រព័ន្ធលូអមសងខាងផ្លូវប្រវែង២គីឡូម៉ែត្រ ទំហំ៨០០មីលីម៉ែត្រ។

ក្រៅពីនេះ បានស្ថាបនាគម្រោងសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តកម្ម ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានចំនួន២រួមមាន៖

ទី១៖ ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមានសមត្ថភាពច្រោះប្រមាណ២,៥០០ម៉ែត្រគូបក្នុងមួយថ្ងៃ ការសាងសង់បំពង់លូទឹកស្អុយប្រវែងប្រមាណ៣៩.២គីឡូម៉ែត និងបណ្តាញលូបង្ហូរទឹកប្រវែងប្រមាណ១៧.១គីឡូម៉ែត។ ក្រោយពីបានទទួលការយល់ព្រមពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះកិច្ចសន្យាដើម្បីសាងសង់អនុគម្រោងខាងលើជាមួយក្រុមហ៊ុនសាងសង់ China First metallurgical Group Ltd. ក្នុងតម្លៃទឹកប្រាក់ចំនួន ១២,៧៦២,០០០ដុល្លារ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០។

ទី២៖ ការសាងសង់ទីលានចាក់សំរាម ដែលមានសមត្ថភាពផ្ទុកបរិមាណបានចំនួន៤៨,០០០ម៉ែត្រគូប និងការបំពាក់នូវរថយន្តប្រមូលសំរាម និងទុកដាក់កាក់សំណល់។ គម្រោងសាងសង់នេះមានរយៈពេល៣ឆ្នាំ ដោយអនុវត្តចាប់ពីខែកក្កដា ឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕