(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ លោក កើត សុធា អភិបាលខេត្តប៉ៃលិន ដឹកនាំកងកំលាំងប្រដាប់អាវុធ មន្រ្តីរាជការ និងសប្បុរសជននានាក្នុងខេត្ត ចុះផ្តល់ទឹកជូនប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាប្រឈមខ្វះខាតទឹកប្រើប្រាស់ ចំនួន០២ភូមិគឺ ភូមិថ្មី ស្ថិតក្នុងសង្កាត់ទួលល្វា និងភូមិទួលខៀវ ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន សរុបមានចំនួន១៦៧គ្រួសារ ស្មើនិងមនុស្សរាយមានចំនួន៧៣៤នាក់។
លោក កើត សុធា អភិបាលខេត្តប៉ៃលិនលើកឡើងថា ក្នុងឆ្នាំនេះ ស្ថានភាពជាទូទៅស្ទើរទូទាំងប្រទេស និងប្រទេសជិតខាងមួយចំនួន បានជួបបញ្ហាខ្វះខាតទឹកប្រើប្រាស់នេះ ដោយសារការបម្រែបម្រួលអាកាសធាតុ ក្នុងនោះរួមមានការកើនឡើងកំដៅខ្លាំង ស្រះទឹក អណ្តូង អូរ ស្ទឹង បានរីងហួតហែងស្ទើទាំងអស់ ធ្វើអោយប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃ។
ការចុះផ្តល់ទឹកនៅតាមផ្ទះជូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយការលំបាកចំពោះមុខ អាជ្ញាធរខេត្ត ក៏បានប្រើប្រាស់មធ្យោបាយផ្សេងទៀត ក្នុងនោះបានជំរុញឲ្យមន្ទីរជំនាញ ពាក់ព័ន្ធនានា ដូចជាមន្ទីរធនធានទឹកចុះបូមទឹក ជូនប្រជាពលរដ្ឋសម្រាប់ទីតាំងណា ដែលមានប្រភពទឹកសម្រាប់បូម ក្នុងនោះសម្រេចបានការការបូមសង្រ្គោះ ជូនប្រជាពលរដ្ឋ០២ភូមិ ក្នុងឃុំសាលាក្រៅដែលមានប្រជាពលរដ្ឋ៦៥០គ្រួសារ និងការប្រើប្រាស់គ្រឿងចក្រ ចុះការស្រះនៅតាមពោះអូរដែលរីងស្ងួត ហើយបានទទួលទឹកប្រើប្រាស់ចំនួន២១កន្លែង ស្មើនិងចំនួន៣០ភូមិ ប្រជាពលរដ្ឋដែលទទួលផលមាន ចំនួន២៣១០គ្រួសារ។
ក្នុងនោះដែរ មន្ទីរសាធារណៈការក៏បានចុះកាយស្រះចំនួន០៤កន្លែង និងមន្ទីរអភិវឌ្ឍន៏ជនបទខេត្ត ចុះធ្វើការជួសជុលអណ្តូងនៅតាមភូមិ-ឃុំនានា ដែលមានស្រាប់ជូនបងប្អូនប្រជាពលរដ្ឋបានចំនួន១៣កន្លែង។ ដោយឡែកអាជ្ញាធរក្រុងប៉ៃលិន ក៏បានសហការជាមួយស្នងការនគរបាលខេត្ត ដឹកទឹកចែកជូនប្រជាពលរដ្ឋរស់នៅ ភូមិកាចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានចំនួន២៥៤គ្រួសារផងដែរ។
លោកអភិបាលខេត្តបានណែនាំឲ្យកំលាំងចុះអន្តរាគមន៍ យកចិត្តទុកដាក់ផ្តល់ទឹក ដល់ផ្ទះសម្រាប់គ្រួសារ ដែលខ្វះលទ្ធភាពពលកម្មរួមមាន លោកយាយលោកតាចាស់ជរា ស្រ្តីមេម៉ាយ គ្រួសារមានជំងឺ ជនពិការ និងបានផ្តល់ទឹកសុទ្ធជូនលោកគ្រូអ្នកគ្រូ ដែលកំពុងបង្រៀន នៅក្នុងសាលាបឋមសិក្សាភូមិថ្មី៕