Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្សារទំនើប AEON ផ្តល់ទីធ្លាសាធារណៈទំហំ៤០ម៉ែត្រការ៉េ ជូនក្រសួងសាធារណការ ដើម្បីដំណើរការផ្តល់ប័ណ្ណបើកបរជូនប្រជាពលរដ្ឋ

27-04-2016 21:03

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៧ ខែមេសានេះ បានជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូមួយក្រុម នៃផ្សារទំនើបអ៊ីអន ដែលដឹកនាំដោយលោក Makoto Yajima នាយកគ្រប់គ្រងផ្សារទំនើបអ៊ីអន កម្ពុជា អមដំណើរដោយលោក Shinohara Katsuhiro អតីតឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំប្រទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កក្រសួងសាធារណការ បានឲ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិភាក្សាអំពីទីតាំង ដាក់ម៉ាស៊ីនបោះពុម្ពប័ណ្ណបើកបរ របស់ក្រសួង សម្រាប់បំរើសេវាដល់អ្នកស្នើសុំពន្យារ និងធ្វើប័ណ្ណបើកបរឡើងវិញ។

ក្នុងជំនួបនោះ ភាគីផ្សារអ៊ីអនម៉ល បានផ្តល់ទីធ្លាសាធារណៈ ទំហំ៤០ម៉ែត្រការ៉េ នៅក្នុងផ្សារទំនើបនេះ សម្រាប់បម្រើជាមជ្ឈមណ្ឌលផ្តល់ប័ណ្ណបើកបរ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនង ជាមួយប្រព័ន្ធទិន្នន័យក្រសួងពីចម្ងាយជាលើកដំបូង។ ទីតាំងផ្តល់សេវាសាធារណៈថ្មីនេះ នឹងជួយសម្រួលដល់ការផ្តល់ប័ណ្ណបើកបរ កាន់តែលឿន និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ការដាក់ឲ្យដំណើរការទីតាំងផ្តល់ សេវាខាងលើនេះជាផ្នែកមួយ នៃគំនិតផ្តួចផ្តើមរយៈពេល១០០ថ្ងៃ លើកដំបូងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការផ្តល់ជំនួយសប្បុរស នូវទីតាំងដ៏មានតម្លៃនេះ ក្នុងផ្សារទំនើបអ៊ីអន និងបានមានថ្លែងថា នេះជាការតំណាងឲ្យភាពជាដៃគូដ៏រឹងមាំ រវាងផ្សារអ៊ីអនម៉ល និងប្រជាជនកម្ពុជា៕