(ភ្នំពេញ)៖ លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជាក់អំពីសកម្មភាពអង្គការមួយដែលបានដាក់ចំណាត់ថ្នាក់អំពើពុករលួយនៅកម្ពុជា អាក្រក់ជាបណ្ដាប្រទេសជិតខាង ផ្ទុយពីអ្វីដែលជាការពិតនៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏មិនខ្វល់ចំពោះការដាក់ចំណាត់ថ្នាក់នេះដែរ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់ និងទិសដៅបន្ដរបស់ខេត្តរតនគិរី» លោក ផៃ ស៉ីផាន បានអះអាងថា សកម្មភាពរបស់អង្គការតម្លាភាពកម្ពុជា ដែលជាអង្គការក្រៅរាជរដ្ឋាភិបាល គ្រាន់តែជាអាយ៉ងរបស់បរទេសប៉ុណ្ណោះ ខណៈការដាក់ចំណាត់ថ្នាក់នេះ ក៏មិនបង្ហាញអំពីនីតិវិធីច្បាស់លាស់ជាសាធារណៈដើម្បីឲ្យមហាជនបានដឹងលឺនោះទេ។

លោក ផៃ ស៉ីផាន បានថ្លែងបែបនេះថា «រាជរដ្ឋាភិបាលកម្ពុជា មិនឲ្យតម្លៃ មិនយកចិត្តទុកដាក់នៅក្នុងចំណាត់ថ្នាក់នោះទេ។ គេថាកម្ពុជាអន់ជាងភូមាទៅទៀត ដែលនេះជារឿងគួរឲ្យចង់សើច [...] ដូច្នេះយើងខ្ញុំវាយតម្លៃថា អង្គការតម្លាភាពនៅកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ គ្រាន់តែអាយ៉ងរបស់បរទេស កាន់អាននូវរបាយការណ៍ប្រឌិតសុទ្ធសាត ដែលមាននិន្នាការមិនមែនជាតំណាងនៃការប្រឹងប្រែងរបស់កម្ពុជានោះទេ។ ខ្ញុំមិនទទួលស្គាល់នូវអ្វីដែលជាការប្រកាសនេះទេ»

អ្នកនាំពាក្យរាជដ្ឋាភិបាលរូបនេះ បានលើកឡើងនូវរឿងដែលលោកចាត់ទុកជារឿងដ៏គួរឲ្យអស់សំណើចថា នៅពេលអង្គការមួយនេះធ្វើវេទិកាវាយតម្លៃ បានអញ្ជើញតំណាងរាជរដ្ឋាភិបាលចូលរួម ហើយក្នុងកាលវិភាគរបស់កម្មវិធីបានផ្ដល់ឱកាសឲ្យបញ្ចេញមតិ ប៉ុន្ដែធាតុពិត នៅពេលកម្មវិធីដំណើរការ គឺគេធ្វើតែគ្នាគេប៉ុណ្ណោះ ខណៈតំណាងរាជរដ្ឋាភិបាលត្រូវបានអញ្ជើញឲ្យចូលរួមនោះ គ្រាន់តែឲ្យអង្គុយស្ដាប់ដូចទីមោងទៅវិញ។

បន្ថែមពីការបញ្ចេញប្រតិកម្មដោយមិនខ្វល់ពីការដាក់ចំណាត់ថ្នាក់របស់អង្គការស៉ីឈ្នួលបរទេសមួយនេះ លោក ផៃ ស៉ីផាន តាមរយៈវេទិកាសន្និសីទដែលមានការចូលរួមពីអ្នកសារព័ត៌មានយ៉ាងច្រើននាក់នោះ ក៏បានបង្ហាញពីការចំណាត់ការ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួន ដើម្បីប្រឆាំងជាមួយអំពើពុករលួយផងដែរ។ ក្នុងនោះក៏ចាក់នូវកិច្ចសម្ភាសរបស់ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុយរលួយ បង្ហាញពីចំណាត់ការរបស់កម្ពុជាផងដែរ។

លោក ផៃ ស៉ីផាន បានបន្ដទៀតថា កម្ពុជា មិនមែនត្រឹមតែមានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនោះទេ ពោលកម្ពុជា មានកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងបានអនុវត្តតាមវិន័យយ៉ាងត្រឹមត្រូវថែមទៀតផង។

បើតាមលោក ផៃ ស៉ីផាន អ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តដើម្បីប្រឆាំងអំពើពុករលួយនោះ មានទាំងបង្កើតនូវអង្គភាពច្រកចេញចូលតែមួយ នៅតាមមូលដ្ឋាន ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋដោយគ្មានទទួលលុយក្រៅផ្លូវការ, បង្កើតច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ស្ដីពីការទទួលបាននូវព័ត៌មានជាដើម។ ដែលទាំងអស់នេះ ជាយន្ដការដើម្បីប្រឆាំងអំពើពុករលួយនៅកម្ពុជា។

តាមរយៈច្បាប់ប្រឆាំងអំពើពុករលួយ បានបើកដៃឲ្យអង្គភាពប្រឆាំងអំពើពុករលួយ អាចចាត់វិធានការបានដោយមិនចាំបាច់សុំដីការបស់តំណាងអយ្យការនោះទេ ពោលប្រសិនបើរកឃើញមានសកម្មភាពពុករលួយ គឺអាចចាត់វិធានការតាមភ្លាម។ នេះបើតាមអ្វីដែលលោក ផៃ ស៉ីផាន បានគូសបញ្ជាក់។

លោកបានសង្កត់ធ្ងន់ថា អង្គការតម្លាភាពកម្ពុជា គ្រាន់តែជាយ៉ងមួយដែលបំពងតាមរបាយការណ៍របស់គេប៉ុណ្ណោះ មិនដឹងថា កម្ពុជាឈានជើងដល់ណានោះទេ ដើម្បីប្រឆាំងអំពើពុករលួយ៕