(កំពង់ស្ពឺ)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅព្រឹកថ្ងៃពុធទី២៦ ខែមករា ឆ្នាំ២០២២ បានបន្តបេសកកម្មប្រគល់ជែលលាងដៃចំនួន ៨៩១កេស (ស្មើនឹង ១៤,៥៧៦ដប) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ជាខាទី២២ដែលទទួលបានជែល, អនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុក ទាំង៨, មន្ទីរពេទ្យចំនួន៨, មណ្ឌលសុខភាពចំនួន៥៧, កងកម្លាំងទាំងបីប្រភេទ និងមន្ទីអង្គភាពជុំវិញខេត្តកំពង់ស្ពឺ ដើម្បីប្រើប្រាស់ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងលោក វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោកស្រីបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ជាមួយនឹងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការសាខា-អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ក៏ដូចជាបុគ្គលិកសុខាភិបាលទាំងអស់ កងកម្លាំងគ្រប់លំដាប់ថ្នាក់ អាជ្ញាធ័រពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋ ជាពិសេសបានខិតខំពុះពាររួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

បន្ថែមលើនេះ លោកស្រីបានថ្លែងថា «កាកបាទក្រហមកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ ទាំងថ្នាក់សាខា-អនុសាខា គ្រប់ទីកន្លែងដែលកំពុងបំពេញភាររកិច្ចទាំងអស់ នូវតែបន្តយកចិត្តទុកដាក់គាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការ ៣កុំ ៣ការពារ និង២ចូលរួម របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ បម្លែងថ្មី អូមីក្រុង ដើម្បីធានាឱ្យបាននូវការបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញលើគ្រប់វិស័យ ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រ នៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩, ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ-ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ជាមួយនឹងទស្សនវិស័យនៃការចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩»

ក្នុងឱកាសនោះ លោក វ៉ី សំណាង តំណាងឱ្យប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ គោរពថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកន្លងមកនិងពេលបច្ចុប្បន្ន តែងតែបានយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ក្នុងពេលដែលប្រទេសជាតិកំពុងតែរីករាលដាលនៃមេរោគកូវីដ-១៩ ដែលជាជំងឺសកល។

លោកបញ្ជាក់ទៀតថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែបានទំនុកបម្រុងទាំងធនធានឧបករណ៍ និងថវិកា ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ហើយទន្ទឹមនឹងនោះ មិនមែនតែរឿងប្រយុទ្ធប្រឆាំងតែជាមួយកូវីដ-១៩នោះទេ កន្លងមកលោកយកចិត្តទុកដាក់តាំងពីសម័យកាលដែលប្រទេសកម្ពុជាយើងធ្លាក់ក្នុងសង្គ្រាមដ៏រ៉ំារ៉ៃ គឺពោលលោកទាំងទ្វេបានយកជីវិតទៅប្តូររួមជាមួយនិងឥស្សរជនផ្សេងទៀត ដែលខិតខំ ដើម្បីឱ្យប្រជាពលរដ្ឋរស់រានមានជីវិត និងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញរហូតមកដល់សព្វថ្ងៃនេះ។

ជាក់ស្តែងនៅពេលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភជែលលាងដៃសម្រាប់ប្រជាពលរដ្ឋអ្នកកំពង់ស្ពឺ ប្រើប្រាស់សំដៅធ្វើយ៉ាងណាប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជែលទាំងនេះអាចយកមកលាងដៃ មានភាពងាយស្រួលដាក់តាមខ្លួន នៅពេលដែលយើងកំពុងធ្វើដំណើរដែលពុំមានទឹកលាងដៃជាប់មកជាមួយ។

គួររំលឹកដែរថា ជែលលាងដៃខាងលើកនេះ ជាអំណោយរបស់ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ដែលប្រគល់ជូនកាកបាទក្រហមកម្ពុជា ជំហានទី២ ចំនួន១៦,២០០កេស (ស្មើនឹង ២៥៩,២០០ដប) កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីធ្វើការចែកចាយជែលលាងដៃរួច លោកស្រី ហួន ច័ន្ទបូរ៉ា បានអញ្ជើញប្រជុំពិភាក្សា ស្តីពី «ផែនការអភិវឌ្ឍសាខា២០២១-២០២៥ តាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា» ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដោយបានការអញ្ជើញចូលរួមពីសំណាក់លោកស្រី អោម ចន្នា នាយិកាសាខា មន្ត្រីប្រតិបត្តិសាខា មន្ត្រីអនុសាខា និងមន្ត្រីបច្ចេកទេសពីទីស្នាក់ការកណ្តាល សរុបចំនួន ២២នាក់ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺផងដែរ៕