(ប៉ៃលិន)៖ លោក អ៉ី ឈាន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន រួមនឹងក្រុមការងារ ព្រមទាំងមានការចូលរួមពីស្នងការនគរបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកជូន ទឹកសម្រាប់បរិភោគចំនួន ១០,០០០លីត្រ និងទឹកប្រើប្រាស់៥២,០០០លីត្រ ដល់ប្រជាពលរដ្ឋចំនួន១៧៧គ្រួសារ នៅជនបទឆ្ងាយដាច់ស្រយាល មកពីឃុំ សាលាក្រៅ និងឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។
ការផ្តល់ទឹកនាពេលនេះ គឺសម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋ បានប្រើប្រាស់ជាបណ្តោះអាសន្ន ហើយសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជីកអណ្តូង ស្នប់អំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋ បានប្រើប្រាស់នាពេលឆាប់ៗនេះ ។
ក្នុងឱកាសនេះដែរ លោក អ៉ី ឈាន បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយសម្តេច តែងតែព្រួយបារម្មណ៍ពីសុខទុក្ខ ការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតរបស់ពុកម៉ែបងប្អូន ដោយក្នុងរដូវប្រាំងនេះ សូមកុំឲ្យបងប្អូនមានការព្រួយបារម្ភ នូវបញ្ហាកង្វះខាតទឹកប្រើប្រាស់ សម្តេច បានជម្រុញឲ្យមន្រ្តីរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិសេស សាខាកាកបាទក្រហមកម្ពុជា២៥រាជធានី-ខេត្ត ឲ្យចុះពិនិត្យមើលពីស្ថានភាពជាក់ស្តែងនូវកង្វះខាតទឹករបស់បងប្អូន និងជួយដោះស្រាយទឹកជូនភ្លាមៗ គ្រប់មធ្យោបាយ ។ ដោយសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ជាសុខទុក្ខរបស់សម្តេច ដោយសម្តេច មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ជួបគ្រោះ ដោយសារខ្វះទឹកទទួលទាន នោះឡើយ ជាពិសេសស្រ្តីមេម៉ាយ ចាស់ជរា និងជនពិការ ។
លោក អ៉ី ឈាន ក៏បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរដូវប្រាំងនេះ សូមឲ្យបងប្អូនប្រើប្រាស់ទឹកដោយសន្សំសម្ចៃ រស់នៅត្រូវមានអនាម័យ ដើម្បីជៀសវាង កង្វះខាតទឹក និងជំងឺដង្កាត់ផ្សេងៗ ជាយថាហេតុ ហើយនៅពេលជួបបញ្ហាកង្វះខាតទឹកប្រើប្រាស់ សូមរាយការណ៍បន្ទាន់មកលោកមេភូមិ ឬតាមរយៈអ្នកស្ម័គ្រចិត្តកាកបាទ ក្រហម ប្រចាំភូមិ ដើម្បីបានដោះស្រាយទឹកជូនភ្លាមៗ ។ ឯកឧត្តម ក៏សូមថ្លែងអំណរគុណដល់ស្នងការនគរបាលខេត្ត ដែលបានចូលរួមផ្តល់ទឹកស្អាតសម្រាប់បរិភោគ និង ប្រើប្រាស់ ផ្តល់ជូនប្រជាពលរដ្ឋនាពេលនេះ ។
ក្នុងឱកាសនោះដែរលោក អ៉ី ឈាន និងលោកស្រី បាន ស្រីមុំ បានផ្តល់ប៊ីដុងទឹកចំណុះ៣០លីត្រ ដល់គ្រួសារទាំង ១៧៧គ្រួសារ ដោយមួយគ្រួសារៗ ប៊ីដុង ០១ និងផ្តល់ ជាសម្លៀកបំពាក់សម្រាប់កុមារ កុមារី ផងដែរ៕