(ភ្នំពេញ)៖ នៅទីបំផុតតុលាការបានសម្រេច ឃុំខ្លួនលោកមេឃុំ ស៊ាង ចែត បណ្តោះអាសន្ន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ។ ការសម្រេចឃុំខ្លួន លោក ស៊ាង ចែត មេឃុំស្រក សមាជិកគណបក្សសមរង្ស៊ី នាពេលនេះ ធ្វើឡើងក្រោយពីព្រះរាជ្ញាចោទប្រកាន់ពី បទសូកប៉ាន់សាក្សី នេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្រ្តីជាន់ខ្ពស់តុលាការ បានថ្លែងប្រាប់ Fresh News នៅមុននេះបន្តិច។
ចៅមក្រមស៊ើបសួរលោកស្រី ថ្លាង ផាណែត សម្រេចឃុំខ្លួនលោកមេឃុំ ស៊ាង ចែត ដាក់ពន្ធនាគារព្រៃស នៅល្ងាចថ្ងៃទី២៧ ខែមេសានេះ។ បទល្មើសដែលចោទប្រកាន់លោក ស៊ាង ចែត គឺបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ទ មានទោស ៥ទៅ១០ឆ្នាំ នឹងបញ្ជូនបន្តទៅកាន់ចៅក្រមស៊ើបសួរដើម្បីបន្តនីតិវីធី។
គួរបញ្ជាក់ថា មន្រ្តីជាន់ខ្ពស់តុលាការដដែលបានបញ្ជាក់ថា បទល្មើសដែលចោទប្រកាន់លោក ស៊ាង ចែត គឺបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រម ព្រហ្មទណ្ទ មានទោស ៥ទៅ១០ឆ្នាំ នឹងបញ្ជូនបន្តទៅកាន់ចៅក្រមស៊ើបសួរដើម្បីបន្តនីតិវីធី។
លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួននៅម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ទៅតាមចម្លើយ ដែលអះអាងនៅក្នុងលិខិតចំហររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ដែលបានសារភាពថា មានស្នេហាលួចលាក់ជាមួយ លោក កឹម សុខា។ លោក ស៊ាង ចែត មេឃុំស្រក ដែលបានយកលុយ៥០០ដុល្លារ ទៅឱ្យម្តាយរបស់នាង ដើម្បីឱ្យគាត់ជួយប្រាប់ស្រីមុំ កុំឱ្យនិយាយការពិត។
កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ កញ្ញា ខុម ចាន់តារ៉ាទី ហៅ «ស្រីមុំ» បានសរសេរលិខិតជំហរមួយរៀបរាប់អំពីរឿងរ៉ាវរបស់នាងក្រោយបែកធ្លាយ សំឡេងខ្សែអាត់សាសងស្នេហា ជាមួយ លោក កឹម សុខា។ នៅក្នុងលិខិតនោះ ស្រីមុំ បាននិយាយអំពី លោក ស៊ាង ចែត មេឃុំស្រក ដែលជាសមាជិករបស់គណ បក្សសមរង្ស៊ី បានយកលុយ៥០០ដុល្លារ ទៅឱ្យម្តាយរបស់នាង ដើម្បីឱ្យគាត់ជួយប្រាប់ស្រីមុំ កុំឱ្យនិយាយការពិត៕