(ភ្នំពេញ)៖ មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានបញ្ជាក់​ប្រាប់អង្គភាព Fresh Newsថា ប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន បានបញ្ចប់ទាំង​ស្រុងនៅ​ល្ងាច​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ហើយ ក្នុងនោះមេក្លោងគ្រឿងញៀនម្នាក់ត្រូវបានសមត្ថកិច្ចរបស់លោកបាញ់ស្លាប់ និងបក្ខពួក៥នាក់ទៀតត្រូវបានចាប់ខ្លួន។ លោកឧត្តមសេនីយ៍ មេបញ្ជាការ​ក៏បាន​បញ្ជាក់ផងដែរ មន្រ្តីរបស់លោកម្នាក់ត្រូវបានក្រុមគ្រឿងញៀន បាញ់បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ដែលបានដឹកនាំកម្លាំងចុះទៅបង្ក្រាបករណីជួញដូរ​គ្រឿងញៀន​នៅកន្លែងកើតហេតុ បានបន្តទៀតថា សម្រាប់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានដកហូត​កាំភ្លើងវែងខ្លីចំនួន៥​ដើម និងរថយន្តមួយគ្រឿង​ម៉ាកអូឌី។

ម្ចាស់ផ្ទះឈ្មោះ លី កុកហ៊ុយ ជាមន្រ្តីអធិការកិច្ចក្រសួងមហាផ្ទៃ និងជាថៅកែជ្រូកខ្វៃ ស្ថិតនៅផ្លូវលេខ៣៥១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃនេះកម្លាំងសមត្ថកិច្ចជាច្រើននាក់ទាំងអាវុធហត្ថ និងនគរបាលបានចុះទៅ​បង្ក្រាបមេក្លោង​ជួញដូរគ្រឿងញៀន ស្ថិតនៅផ្ទះលក់សាច់​ជ្រូកតាមផ្លូវលេខ៣៥១ សង្កាត់បឹងកក់​ទី១ ខណ្ឌទួលគោក ដែលក្រុមគ្រឿងញៀនបានលាក់ខ្លួននៅទីនោះ ស្រាប់តែបាញ់មកលើក្រុមសមត្ថកិច្ចជាច្រើនគ្រាប់បណ្តាលឲ្យត្រូវមន្រ្តីអាវុធហត្ថម្នាក់រហូតស្លាប់ រួចហើយបានបន្តបាញ់រះ​ជាច្រើន​គ្រាប់​រហូតបង្ក្រាបក្រុមជនល្មើសជាបន្តបន្ទាប់ចំនួន៥នាក់។ ប្រតិបត្តិបង្ក្រាបជនជួញដូរគ្រឿងត្រូវបានបញ្ចប់នៅម៉ោងប្រមាណ ៥៖៤៥នាទី ថ្ងៃទី២៧ ខែមេសានេះ។

លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានបញ្ជាក់ថា សម្រាប់សពមន្រ្តីអាវុធហត្ថដែលត្រូវ​ក្រុមជនល្មើសគ្រឿងញៀនបាញ់ស្លាប់​នោះត្រូវបានយក​មកធ្វើ​បុ​ណ្យនៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជ​ធានីភ្នំពេញ ខណៈជនល្មើសទាំង៥នាក់​ត្រូវបាននាំខ្លួន​ទៅសួរនាំបន្តទៀត។