(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានពន្យល់យ៉ាងលម្អិតអំពីសមិទ្ធផលដែលសម្រេចបាន ពាក់ព័ន្ធនឹងការងារសាធារណការ និងការគ្រប់គ្រងបច្ចេកទេស លើបណ្តាញផ្លូវថ្នល់ដែលគ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងការសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវថ្នល់ស្ពាន នៅក្នុងឆ្នាំ២០២១ កន្លងទៅនេះ។
ការពន្យល់យ៉ាងលម្អិតនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបសមិទ្ធផលការងារសាធារណការ និងដឹកជញ្ជូនឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ដែលបានធ្វើឡើងក្រោមប្រធានបទ៖ «ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងការងារសាងសង់ ថែទាំផ្លូវឱ្យមានគុណភាព ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប» ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធចំនួន៣៣០នាក់។
សម្រាប់ការងារសាធារណការ និងគ្រប់គ្រងបច្ចេកទេស ដែលសម្រេចបាន ក្នុងឆ្នាំ២០២១ ត្រូវបាន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ដូចតទៅ៖
* ទី១៖ ស្ថិតិបណ្តាញផ្លូវថ្នល់ដែលគ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន៖
- ផ្លូវជាតិកម្រិត១ ចំនួន ០៩ខ្សែ ប្រវែង ២ ២៥៤គ.ម (ក្រាលកៅស៊ូ និងបេតុងបាន ២ ២៥៤គ.ម ស្មើ ១០០% )
- ផ្លូវជាតិកម្រិត២ ចំនួន ៧១ខ្សែ ប្រវែង ៥ ១៧៨គ.ម (ក្រាលកៅស៊ូ និងបេតុងបាន ៣ ៧៦៤គ.ម ស្មើ ៧៣%)
- ផ្លូវខេត្តចំនួន ៦៦៧ខ្សែ ប្រវែង ១១ ៣៧១គ.ម (ក្រាលកៅស៊ូ និងបេតុងបាន ៤ ២៦៤គ.ម ស្មើ ៣៧%)
- ផ្លូវជាតិ និងផ្លូវខេត្តគិតមកដល់បច្ចុប្បន្ន មានចំនួន ៧៤៧ខ្សែ ដែលមានប្រវែងសរុប ១៨ ៨០៣គ.ម ក្នុងនោះ បានក្រាលកៅស៊ូ និងបេតុងសរុប ១០ ២៨២គ.ម ស្មើនឹង ៥៥% នៃប្រវែងផ្លូវសរុប។
* ទី២៖ ការសាងសង់ ពង្រីក និងលើកកម្ពស់គុណភាពផ្លូវថ្នល់ ស្ពាន
+ ការសាងសង់ និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ដោយប្រើប្រាស់កញ្ចប់ថវិកាជាតិ
- បានបញ្ចប់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប តាមផែនការដែលបានគ្រោងទុក
- បាននិងកំពុងស្ថាបនាផ្លូវចំនួន ១១ខ្សែ និងផ្លូវជាតិ ១៤៦បេ ក្នុងក្រុងព្រះសីហនុ សម្រេចបាន ៧៦.៤៨% រួមទាំងបញ្ចប់ការងារស្តារអូរប្រឡាយធម្មជាតិចំនួន ៦ខ្សែ ប្រវែងសរុប ២៧,៥៤គ.ម ក្នុងខេត្តព្រះសីហនុ
- បានចូលរួមកសាង និងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ
- បានអនុវត្តការងារថែទាំផ្លូវថ្នល់ជាប្រចាំឆ្នាំ២០២១ លើផ្លូវជាតិ និងផ្លូវខេត្តប្រវែងសរុប ១០ ៣៦០គ.ម
- បានអនុវត្តការងារថែទាំស្ពានជាប្រចាំ ប្រវែងសរុប ១៤,៩៦គ.ម
- ផ្លូវជាតិដែលបានបញ្ចប់ការសាងសង់ជា ៤គន្លង មានប្រវែងសរុបចំនួន ៣២៧,៨៣គ.ម
- ផ្លូវជាតិបាននិងកំពុងសាងសង់ជា ៤គន្លង មានប្រវែងសរុបចំនួន ៣៣១,៦៥គ.ម
- ផ្លូវជាតិបាននិងកំពុងសាងសង់ជា ៦គន្លង ស្ថិតលើផ្លូវជាតិលេខ៤ និងលេខ១ មានប្រវែងសរុប ៨,៣៨គ.ម។
+ គម្រោងសាងសង់បណ្តាញផ្លូវជាតិសំខាន់ៗដែលកំពុងដំណើរការសាងសង់៖
ក៖ គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសចិន
- បាននិងកំពុងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥ គ.ម សម្រេចបាន ៨០% ដែលគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ (ជាថវិកាវិនិយោគរបស់ក្រុមហ៊ុនឯកជន ក្រោមរូបភាព (សាងសង់-ប្រតិបត្តិការ-ផ្ទេរ- BOT)
- បានចុះកិច្ចព្រមព្រៀងក្របខណ្ឌរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុន China Railway International Group ដើម្បីសិក្សាគម្រោងសាងសង់ផ្លូវល្បឿន លឿន ភ្នំពេញ-បាវិត និងកំពុងស្ថិតក្នុងដំណាក់កាលសិក្សា
- គម្រោងផ្លូវក្រវាត់ក្រុងខ្សែទី៣ ប្រវែង ៤៧,៦១គ.ម និងផ្លូវខ្នែង ប្រវែង ៥,៣៧គ.ម សម្រេចបាន ៦៦%
- គម្រោងផ្លូវជាតិលេខ៧១C (ត្បូងឃ្មុំ-កំពង់ចាម) ប្រវែង ១១៤,៩៩២គ.ម សម្រេចបាន ២៤%
- គម្រោងផ្លូវជាតិលេខ១០ (សំឡូត-វាលវែង-កោះកុង) ប្រវែង ១៩៧,៣៦៣គ.ម សម្រេចបាន ៥៦%
- បាននិងកំពុងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (សិត្បូ) ចំនួន ០២កន្លែង ប្រវែង ៩៩៦ម៉ែត្រ ក្នុងនោះរួមមាន៖ ស្ពានបាសាក់ខាងកើត ប្រវែង ៦៣០ម៉ែត្រ និង ស្ពានបាសាក់ខាងលិច ប្រវែង ៣៦៦ម៉ែត្រ សម្រេចជារួមបាន ៩៩%
ខ៖ គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសជប៉ុន
- គម្រោងសាងសង់ពង្រីកផ្លូវជា ០៤គន្លង លើកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-ធ្លាម្អម) ប្រវែង ១៣៥.២៥គ.ម សម្រេចបាន ៦៤%
- គម្រោងសាងសង់ពង្រីកផ្លូវជា ០៤គន្លង លើកំណាត់ផ្លូវជាតិលេខ៥ (ធ្លាម្អម-បាត់ដំបង) ប្រវែង ១១០.៩គ.ម សម្រេចបាន ៥៦%
- គម្រោងសាងសង់ពង្រីកផ្លូវជា ០៤គន្លង លើកំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ប្រវែង ៣៥.៤គ.ម និងគម្រោងសាងសង់ស្ថានីយជញ្ជីងថ្លឹងយានយន្ដ ដឹកជញ្ជូនលើសទម្ងន់ចំនួន ០៦ទីតាំង ស្ថិតក្នុងនីតិវិធីជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់។
គ៖ គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសកូរ៉េខាងត្បូង
- គម្រោងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ប្រវែងសរុប ៧២.១៧ គ.ម សម្រេចបាន ៥៧%
- គម្រោងសាងសង់លើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨ គ.ម។
ឃ៖ គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយធនាគារពិភពលោក (WB)
- គម្រោងលើកកម្រិតជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ៧ (ត្បូងឃ្មុំ-ក្រចេះ) ក្រាលបេតុងកៅស៊ូ ប្រវែង ១៦៤គ.ម សម្រេចបាន ៩១%
- បាននិងកំពុងស្ថាបនាពង្រីក និងក្រាលបេតុងកៅស៊ូ AC ផ្លូវជាតិលេខ៤ ប្រវែង ១៩៦.២០ គ.ម ៖ កំណាត់ពីសាលាក្តីខ្មែរក្រហម ទៅដល់ស្រុកកំពង់សិលា បានចុះកិច្ច ព្រមព្រៀង ជាមួយក្រុមហ៊ុនសាងសង់រួចហើយ និងត្រៀមអនុវត្ត, និងកំណាត់ពីស្រុកកំពង់សិលា ទៅដល់ក្រុងព្រះសីហនុបាននិងកំពុងវាយតម្លៃឯកសារដេញថ្លៃ។
ង៖ គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសថៃ
- គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបាន ៣៥.៣៦%។
+ គម្រោងត្រៀមសម្ពោធបើកការដ្ឋានសាងសង់
ក៖ គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសចិន
- គម្រោងស្តារ និងពង្រឹងគុណភាពផ្លូវជាតិលេខ៣១, លេខ៣៣, លេខ៤១, និងលេខ៧ (ស្គន់-កំពង់ចាម) ពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ទៅជាផ្លូវក្រាល បេតុងកៅស៊ូ (AC)
- គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ
- គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម រាជធានីភ្នំពេញ)។
ខ៖ គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសជប៉ុន
- គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល (សិរីសោភ័ណ-ប៉ោយប៉ែត)។
គ៖ គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
- គម្រោងគ្រប់គ្រងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាប (ក្រុងកំពង់ឆ្នាំង និងក្រុងពោធិ៍សាត់)
- គម្រោងអភិវឌ្ឍន៍ក្រុងរបៀងជំហានទី២ ស្ថានីយចម្រោះទឹកកខ្វក់ ក្នុងខេត្តកំពត និងខេត្តព្រះសីហនុ
- គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម័្ពន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ដោយធ្វើការសាងសង់ទីលាន កប់សំរាម កុ្រងកែប និងសាងសង់ផ្លូវឆ្នេរកែប-អង្កុល ប្រវែង ១២ គ.ម រួមទាំងសាងសង់ផ្លូវថ្មើរជើងប្រវែង៨៥០ម និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធវិសយ័ទេសចរណ៍ នៅកោះទន្សាយ កុ្រងកែប
- គម្រោងអភិវឌ្ឍន៍ក្រុងរបៀងជំហានទី៤ (ក្រុងកំពង់ចាម-ក្រុងក្រចេះ និងក្រុងស្ទឹងត្រែង) និងគម្រោងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ (ក្នុងក្រុងបាត់ដំបង ក្រុងសិរីសោភ័ណ និងក្រុងស្ទឹងសែន) ដោយធ្វើការសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀង ព្រមទាំងសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាម។
+ គម្រោងត្រៀមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ
- គម្រោងសាងសង់ផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប, គម្រោងស្ថាបនាផ្លូវចំនួន ១១ខ្សែ និងផ្លូវជាតិលេខ១៤៦បេ ក្នុងក្រុងព្រះសីហនុ, គម្រោងសាងសង់ ពង្រីកផ្លូវជាតិ លេខ៣(ចោមចៅ-ក្រុងកំពត), គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ, គម្រោងស្តារឡើងវិញផ្លូវជាតិលេខ២១(តាខ្មៅ-ជ្រៃធំ), គម្រោងសាងសង់ ផ្លូវជាតិលេខ៥១, គម្រោងសាងសង់ផ្លូវជាតិលេខ៧(ខ្លាស្ទុះ-ឃុំរមាត) និងគម្រោងសាងសង់ស្ពានចំនួន ០៧កន្លែង ក្នុងខេត្តក្រចេះ និងខេត្តព្រៃវែង។
* ទី៣៖ ការសាងសង់ស្ពានធំៗដែលទើបបញ្ចប់ ក្នុងរយៈពេលថ្មីៗនេះ
- បានបញ្ចប់ការសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ក្រូចឆ្មារ-ស្ទឹងត្រង់) ប្រវែង ១ ១៣១ម៉ែត្រ
- បានបញ្ចប់ការសាងសង់ស្ពានចំនួន ០៧កន្លែង ឡើងវិញបន្ទាន់នៅតំបន់ប្រឈមគ្រោះទឹកជំនន់ ក្នុងនោះនៅតាមបណ្តោយផ្លូវជាតិលេខ៧៣ ចំនួន០៥កន្លែង ក្នុងខេត្តក្រចេះ និងផ្លូវជាតិលេខ១១ ចំនួន០២កន្លែង ក្នុងខេត្តព្រៃវែង (ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន)។
* ទី៤៖ យន្តការត្រួតពិនិត្យ ការបំពាក់គ្រឿងចក្រ និងសម្ភារបច្ចេកទេស
- បានចុះឆ្មក់ត្រួតពិនិត្យលក្ខណៈបច្ចេកទេសសាងសង់ និងទិញរថយន្ត ឧបករណ៍ និងគ្រឿងចក្រត្រួតពិនិត្យគុណភាពផ្លូវថ្នល់ សម្រាប់ក្រុមការងារត្រួតពិនិត្យឯករាជ្យ
- បានទិញ គ្រឿងចក្រចំនួន ២២២គ្រឿង សម្រាប់ផ្តល់ជូនមន្ទីរសាធារណការ និងដឹកជញ្ជូន២៥ រាជធានី-ខេត្ត និងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
- បានទិញ រថយន្តពិនិត្យអង្កេតស្ពាន ចំនួន ០១គ្រឿង (Bridge Inspection Vehicle)
- បានទិញរថយន្តបូមលូ ចំនួន ០១គ្រឿង (Combo Jetting Truck)
- បានទិញម៉ាស៊ីនសម្ពាធបាញ់ទឹក ចំនួន ០១គ្រឿង (Water Jetting Machine)
- បានទទួលជំនួយឥតសំណងជាគ្រឿងចក្រសម្រាប់កែច្នៃគ្រឹះផ្លូវឡើងវិញ (Stabilizer) ចំនួន១៥គ្រឿង ពីរដ្ឋាភិបាលជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ JICA
- បានទទួលគ្រឿងចក្រសម្រាប់ផលិតបេតុងកៅស៊ូ (AC) ចំនួន០២គ្រឿង និងគ្រឿងចក្រសម្រាប់ការងារអ៊ុតកៅស៊ូចំនួន ១៦គ្រឿង ពីក្រុមហ៊ុនសំណង់សៀងហៃ (SCG) សម្រាប់ឆ្នាំ២០២០ និង២០២១
- បាននិងកំពុងរៀបចំទីតាំងដំឡើងគ្រឿងចក្រសម្រាប់ផលិតបេតុងកៅស៊ូ (AC Mixing Plant) នៅខេត្តកំពត
- គ្រោងបង្កើតគណៈកម្មការជាតិគ្រប់គ្រងដីចំណីផ្លូវ ដើម្បីដោះស្រាយទប់ស្កាត់ការរំលោភដីចំណីផ្លូវ
- បាននិងកំពុងអភិវឌ្ឍកម្មវិធី (APP) តាមដានគ្រប់គ្រងព័ត៌មាន ប្រវត្តិ មធ្យោបាយ វឌ្ឍនភាព និងការវាយតម្លៃលើការអនុវត្តគម្រោង ចាប់តាំងពីពេលបើកការដ្ឋាន សាងសង់ រហូតដល់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
- រៀបចំទីតាំងដំឡើងគ្រឿងចក្រសម្រាប់ផលិតបេតុងកៅស៊ូ (AC) និងសិក្សាលទ្ធភាពក្នុងការរៀបចំបង្កើតគ្រឹះស្ថានសាធារណៈសម្រាប់គ្រប់គ្រងអាជីវកម្មផលិត បេតុងកៅស៊ូ។
* ទី៥៖ ការងារត្រួតពិនិត្យបច្ចេកទេសបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន
- បានធ្វើការត្រួតពិនិត្យបច្ចេកទេសលើបណ្តាញផ្លូវជាតិ និងផ្លូវខេត្ត ដោយប្រើប្រាស់ឧបករណ៍ពិសោធន៍ទំនើបៗ មានដូចជា DRIMS, PLT, LWD និង FWD បានប្រវែងសរុប ៥ ០៧៥គ.ម
- បន្តចុះត្រួតពិនិត្យពង្រឹងគុណភាព និងបច្ចេកទេសនៃការសាងសង់ និងជំរុញសកម្មភាពរបស់ក្រុមការងារត្រួតពិនិត្យឯករាជ្យ ដើម្បីពង្រឹងគុណភាពការងារ សាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន
- បន្តរៀបចំបទប្បញ្ញត្តិបច្ចេកទេសស្តីពីការប្រើប្រាស់ឧបករណ៍ Light Weight Deflectometer (LWD) ក្នុងការត្រួតពិនិត្យគុណភាពស្រទាប់ផ្លូវ
- បន្តរៀបចំបទប្បញ្ញតិ្តបច្ចេកទេស ស្តីពីការសិក្សាវាយតម្លៃគុណភាពស្រទាប់ផ្លូវ និងការសិក្សាគណនារកកម្រាស់ Overlay ដោយប្រើឧបករណ៍ Falling Weight Deflectometer (FWD)
- រៀបចំចងក្រងកំណត់តម្លៃ និងទីតាំងសម្ភារសំណង់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
- រៀបចំចងក្រង និងកំពុងបោះពុម្ពទម្រង់ត្រួតពិនិត្យ (Check List) ស្តីពីសុវត្ថិភាព និងបរិស្ថានការងារនៅការដ្ឋានសាងសង់សម្រាប់គម្រោងជួសជុល និងស្ថាបនា ផ្លូវថ្នល់-ស្ពាន
- រៀបចំគំនូរប្លង់ស្តង់ដារ ផ្លូវថ្មើរជើងក្រោមដី (UNDERPASS) និងស្ពានអាកាសថ្មើរជើង( OVERPASS )
- រៀបចំសេចក្តីព្រាងបទប្បញ្ញត្តិបច្ចេកទេស ការបើកទ្រូងផ្លូវសម្រាប់ត្រឡប់ក្រោយ (U-TURN) និងការបើកទ្រូងផ្លូវសម្រាប់ឆ្លងកាត់ (OPEN MEDIAN)
- រៀបចំមុខងារត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision) ដោយសហការជាមួយនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈដែលនឹង ត្រូវបន្ថែម ក្នុងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)
- សិក្សាលើស្តង់ដារបច្ចេកទេសរកភាពធន់នៃស្រទាប់ផ្លូវនិងកម្រាលផ្លូវដោយប្រើម៉ាស៊ីន FWD។
សូមជម្រាបជូនថា៖ គិតមកទល់បច្ចុប្បន្ន បណ្តាញផ្លូវជាតិ និងផ្លូវជនបទរបស់យើង បានស្ថាបនាដោយចាក់កៅស៊ូ និងបេតុងរួច ប្រមាណជាង១៥ ០០០គីឡូម៉ែត្រ ហើយបាន និងកំពុងលើកកម្រិតគុណភាពពីកៅស៊ូពីរស្រទាប់(DBST) ទៅបេតុងកៅស៊ូ(AC) និងពង្រីកពី២គន្លង ទៅ៤គន្លង នៅតាមខ្សែផ្លូវអាទិភាពមួយចំនួន៕