(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង មេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤-៥ និងជាមេបញ្ជាការកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ បានចុះបញ្ជាផ្ទាល់លើការដ្ឋានជីកស្រះទាំង៦គោលដៅ នៅក្នុងស្រុកថ្មពួកដែលសម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាប្រគល់ភារកិច្ចកាលពីថ្ងៃម្សិលមិញក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៦។

ប្រតិបត្តិការរហ័ស ជីកស្រះបំរើប្រជាជន ប្រតិត្តិការបន្ទាន់ បំរើប្រជាជន រក្សាពូជល្អ! ទទួលបានបទបញ្ជាសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលភ្លាម កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប បានដឹកជញ្ជូនគ្រឿងចក្រ ចូលដល់គោលដៅជីកស្រះជាបន្ទាន់ នៅក្នុងភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នាយឧត្តមសេនីយ៍ ខេង សុមេធ បានថ្លែងថា ការដ្ឋានជីកស្រះទាំងនោះរួមមានទំហំ ១០០ម៉ែត្រ គុណ១០០ម៉ែត្រ ជម្រៅ ៣ម៉ែត្រ ចំនួន៣គោលដៅស្រះទឹកទំហំ៥០ម៉ែត្រគុណនឹង៥០ម៉ែត្រ ជម្រៅ៣ម៉ែត្រចំនួន៣គោលដៅ។

ស្រះទឹកទាំង៦គោលដៅនោះ មានលទ្ធភាពអាចរក្សាផ្ទុកទឹកបាន ប្រមាណជា ១១ម៉ឺនម៉ែត្រត្រីគុណ។ នាយឧត្តមសេនីយ៍ ខេង សុមេធ បានបង្ហាញនូវការប្តេជ្ញាចិត្តថា ប្រតិបត្តិការនេះ នឹងសម្រេចឲ្យបានជោគជ័យ ក្នុងរយៈពេល១សប្តាហ៍ គឺប្រហែលជាត្រូវបញ្ចប់ការដ្ឋាននៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ។

ខណៈនោះផងដែរ លោក គឹម សុវណ្ណ ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកថ្មពួក និងមន្ត្រីក្រុមការងារ រួមជាមួយលោកប្លែក វ៉ារី អភិបាលស្រុកថ្មពួក បានសហការនឹងលោក តិ យឿន មេឃុំភូមិថ្មី បាននាំទឹកបរិភោគចំនួន ៤រថយន្តសីទែនរបស់មន្ទីរ ទៅបែងចែកជូនពលរដ្ឋបាននឹងកំពុងខ្វះទឹកបរិភោគ និងទឹកប្រើប្រាស់នៅភូមិទទា និងភូមិមួយចំនួនទៀតក្នុងឃុំភូមិថ្មី។

លោក គឹម សុវណ្ណ ដែលជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយឃុំភូមិថ្មីបានឲ្យដឹងផងដែរថា​ ក្នុងរថយន្តដឹកទឹក ៤ជើង ដែលដឹកចែកនាពេលនេះ គឺក្នុងរថយន្តចំណុះ ១៨,០០០លីត្រ ចំនួន២ជើង និងក្នុងរថយន្តចំណុះ ៨,០០០លីត្រចំនួន២ជើង។ លោកបន្ថែមថា នៅថ្ងៃទី២៨​ ខែ​មេសា ក្រុមការងារនឹងផ្តល់ទឹក ៣ជើងរថយន្តទៀត។ ហើយនឹងផ្តល់ជាប្រចាំក្នុងរវាង ៥ទៅ៧ថ្ងៃម្តង ដើម្បីមិនឲ្យពលរដ្ឋណាម្នាក់ ឬគ្រួសារណាមួយដាច់ទឹក ខ្វះទឹកឡើយ។​