(ភ្នំពេញ)៖ ពិព័រណ៍អប់រំកម្រិតឧត្តមសិក្សាខេត្តគួយចូវ នៃប្រទេសចិន ត្រូវបានរៀបចំឡើងនៅវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមកិច្ចសហការរៀបចំរវាងវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលមានសាកលវិទ្យាល័យចំនួន២២ របស់ខេត្តគួយចូវ បានមកធ្វើការដាក់តាំងបង្ហាញនូវសេវាកម្មអប់រំរបស់ខ្លួន។
នេះជាលើកទីបីហើយ ដែលសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងវិទ្យាស្ថានខុងជឺនៃរាជ្យបណ្ឌិត្យសភាកម្ពុជា បានសហការគ្នាក្នុងការរៀបចំពិព័រណ៍អប់រំកម្រិតឧត្តមសិក្សា នៃប្រទេសចិន នៅក្នុងប្រទេសកម្ពុជាយើង ក្នុងគោលបំណងចង់ឱ្យនិស្សិតរបស់យើងសិក្សាស្វែងយល់ពីសេវាកម្មអប់រំកម្រិតឧត្តមសិក្សានៃប្រទេសចិន ព្រមទាំងមានឱកាសទទួលបាននូវអាហាររូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន ជាពិសេសបង្កើននូវកិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នាដើម្បីចែករំលែកបទពិសោធន៍លើវិស័យបណ្តុះបណ្តាលធនធានមនុស្ស។
ស្ថិតក្នុងជំនួបរវាងគណៈគ្រប់គ្រងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងគណៈប្រតិភូសាកលវិទ្យាល័យនៃខេត្ត គួយចូវ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នៅបន្ទប់ប្រជុំ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប លោក Yang Yong អនុប្រធានមន្ទីរអប់រំខេត្តគួយចូវ បានកោតសរសើរ និងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជាមួយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការរៀបចំពិព័រណ៍អប់រំកម្រិតឧត្តមសិក្សាខេត្តគួយចូវនេះទទួលបានជោគជ័យ ហើយក្នុងនាមលោកតំណាងឱ្យលោកប្រធានមន្ទីរអប់រំខេត្តគួយចូវ សូមគោរពអញ្ជើញអាស៊ី អឺរ៉ុប ចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍អប់រំ អាស៊ាន-ចិន នៅខេត្តគួយចូវនាខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ។
ស្ថិតក្នុងឱកាសនោះ ក្រោយពីបានធ្វើបទបង្ហាញពីប្រវត្តិនៃការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដូចជាទីតាំងអគារសិក្សា កម្រិតនៃការបណ្តុះបណ្តាល ឯកទេស ដៃគូសហការ និងសកម្មភាពមួយចំនួនទៀត ដែលសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បាននឹងកំពុងអនុវត្តន៍រួចមក លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យនានានៃខេត្តគួយចូវ ដែលបានជឿជាក់លើប្រព័ន្ធអប់រំរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជាពិសេសអរគុណដល់លោកប្រធាន-អនុប្រធានមន្ទីរអប់រំខេត្ត និងរដ្ឋាភិបាលចិន ដែលបានផ្តល់ឱកាសដល់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចុះកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗ នៃខេត្តគួយចូវ ដូចជាសាកលវិទ្យាល័យខេត្តគួយចូវ សាកលវិទ្យាល័យ Kaili សាកលវិទ្យាល័យគរុកោសល្យខេត្តគួយចូវ សាកលវិទ្យាល័យអប់រំខេត្តគួយចូវ សាកលវិទ្យាល័យគុកោសល្យកាំងណាន វិទ្យាស្ថានបច្ចេកវិទ្យាគួយចូវ និងសាកលវិទ្យាល័យវិទ្យាសាស្រ្តវិស្វ កម្ម ដែលសាកលវិទ្យាល័យទាំងប្រាំពីរនេះ នឹងបន្ថែមចំនួននិស្សិតរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានទៅរៀននៅប្រទេសចិនបានកាន់តែច្រើនថែមទៀតនៅឆ្នាំក្រោយ។
គួរបញ្ជាក់ផងដែលថាបច្ចុប្បន្នសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បាននឹងកំពុងបណ្តុះបណ្តាលលើវិស័យអប់រំគ្រប់កម្រិតចាប់ពីថ្នាក់បរិញ្ញាបត្ររង ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ហើយចុងឆ្នាំ២០១៦ខាងមុខនេះ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងបញ្ចូននិស្សិត ដែលកំពុងសិក្សាលើឯកទេសអក្សរសាស្រ្តចិន ទៅបន្តការសិក្សានៅតាមបណ្តាលសាកលវិទ្យាល័យដៃគូរនានានៅប្រទេសចិន ក្រោមកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរក្រេឌីតគ្នាទៅវិញទៅមក៕