(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាប្រធានគណបក្សហ៊្វុនស៊ិន ទ្រង់សម្រេចតែងតាំង លោក ប៉ោ ប៊ុនស្រ៊ឺ ជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ។
បើតាមលោក ញឿន រ៉ាដែន ជាមួយនឹងការតែងតាំងតួនាទី, លោក ប៉ោ ប៊ុនស្រ៊ឺន បានប្រកាសប្តេជ្ញាថែរក្សាកេរដំណែលសម្តេចតា និងក្នុងនាមលោកជាសហស្ថាបនិកម្នាក់របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ជាពិសេសលោកនឹងដង្ហែព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ស្របទៅតាមព្រះតម្រិះដ៏ថ្លៃថ្លារបស់សម្តេចក្រុមព្រះ ហើយលោកនឹងបន្តប្រមូលអ្នករាជានិយម សីហនុនិយម ដើម្បីតាមដង្ហែព្រះម្ចាស់ នរោត្តម ចក្រាវុធ ដើម្បីចូលរួមលើកស្ទួយកិត្យានុភាពគណបក្សហ្វ៊ុនស៊ិនប៉ិច ឡើងវិញ។
គួរជម្រាបថា លោក ប៉ោ ប៊ុនស្រ៊ឺ ជាសហស្ថាបនិកគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលត្រូវបានគេមើលឃើញថា ស្ម័គ្រស្មោះ និងដើរតាមសម្ដេចក្រុមព្រះ នរោត្តម រណឫទិ្ធ ក្នុងឆាកនយោបាយកម្ពុជា រយៈពេលជាយូរឆ្នាំមកហើយ។
គណបក្សហ៊្វុនស៊ិនប៉ិច ធ្លាប់ជាគណបក្សធំមួយ ដែលទទួលបានអសនៈក្នុងរដ្ឋសភា និងចូលរួមដឹកនាំរដ្ឋាភិបាល ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។ ក្រោយមក គណបក្សនេះបានបែកបាក់ជាបន្តបន្ទាប់ ចុះទន់ខ្សោយបន្តិចម្តងៗ រហូតគ្មានអសនៈទាល់តែសោះ នៅក្នុងរដ្ឋសភា៕